បច្ចេកវិទ្យា

ហ៊ានជិះអត់? Elon Musk ថា​ឡាន​ Tesla តូចៗ​ធូរថ្លៃ​ជំនាន់​ក្រោយ បើកបរ​អូតូខ្លួនវា​សុទ្ធ

ស្ថាបនិក​ក្រុមហ៊ុន​ Tesla លោក Elon Musk បាន​បញ្ជាក់កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ​២០២៣​ថា ​ក្រុមហ៊ុនលោក​កំពុងធ្វើការហើយ​លើ​រថយន្តអគ្គិសនី​ប្រភេទតូចៗ ​របស់ខ្លួន​ជំនាន់​ក្រោយ​ ដែល​វា​នឹង​បើកបរ​ដោយស្វ័យ​ ប្រវត្តិពេញលេញ១០០% តែម្តង នៅពេល​ដាក់​លក់​ក្នុងទីផ្សារ។

មហាសេដ្ឋី​ពិភពលោករូបនេះ បានបង្ហើបឱ្យដឹងទៀតថា រថយន្ត​ជំនាន់ក្រោយ​នោះ នឹងមាន​តម្លៃធូរថ្លៃ ពោលគឺ​ទាបជាងពាក់កណ្តាល​នៃ​រថយន្ត Model 3។ តែយ៉ាងណា​ លោកមិនលម្អិត​បន្ថែម ​ឡើយអំពី​រថយន្តថ្មីនោះ។

គួរ​រំលឹក​ថា ក្នុងព្រឹត្តិការណ៍​មួយ កាលពីឆ្នាំ​២០២០ លោក Elon Musk លើកឡើង​ថា Tesla នឹង​ផលិតចេញរថយន្ត​អគ្គិសនី​តូចមួយ តម្លៃខ្ទង់ ២៥ ០០០ដុល្លារ ដែល​បើកបរស្វ័យប្រវត្តិសុទ្ធ ក្នុងរយៈពេល ៣ឆ្នាំ​ក្រោយ ។

បើតាម​លោក Elon Musk រថយន្តបច្ចុប្បន្ន​គឺត្រូវបានប្រើប្រាស់​ប្រហែល ១០ ទៅ ១២ម៉ោង ក្នុង១សប្តាហ៍ ហើយនិយាយទៀតថា ប្រសិន​បើ​រថយន្ត​ត្រូវបានបើកបរអូតូ​ទាំងស្រុងនោះ វា​ទំនងជាអាចត្រូវបាន​ប្រើប្រាស់​ពី ៥០ ទៅ ៦០ម៉ោង ឯណោះ​ក្នុង១សប្តាហ៍ ពោលគឺ​ច្រើនជាង៥ដង ។ ការ​លើកឡើង​បែបនេះ លោកប្រហែល​ជាសំដៅ ដល់​រថយន្តតាក់ស៊ី ដែលគ្មានមនុស្សបើកទៀតផង ព្រោះម្ចាស់​រថយន្ត Tesla នឹងមានលទ្ធភាព​ទទួលបានចំណូលបន្ថែម តាម​រយៈការបើកបរអូតូនេះ ៕

Most Popular

To Top