ព័ត៌មានអន្តរជាតិ

រុស្ស៊ី៖ ឧប្បត្តិហេតុ Drone MQ-9 Reaper គឺបញ្ជាក់ពីការចូលរួម របស់អាមេរិក នៅក្នុងជម្លោះអ៊ុយក្រែន

បរទេស៖ ទីក្រុង មូស្គូនឹងព្យាយាមយកមកវិញនូវបំណែកយន្តហោះគ្មានមនុស្សបើក MQ-9 Reaper របស់អាមេរិក ដែលបានធ្លាក់ចូល ទៅក្នុងសមុទ្រខ្មៅនៅថ្ងៃអង្គារនេះ, នេះបើតាម លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី Nikolai Patrushev បានប្រកាស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងផ្ទាល់នៅលើទូរទស្សន៍ សហព័ន្ធរុស្ស៊ី Rossiya 1 កាលពីថ្ងៃពុធ មន្ត្រីរូបនេះបានលើកឡើងថា លោកមិនដឹងថាអាចទៅដល់បំណែក UAV បានទេ ប៉ុន្តែបានសង្កត់ធ្ងន់ថា វាមានសារៈសំខាន់ក្នុងការខិតខំប្រឹងប្រែងស្វែងរកបំណែក និងសិក្សាពីបំណែកយន្តហោះនោះ។

លោក Patrushev ក៏បានបន្ថែមថា “អាមេរិកនៅតែបន្តនិយាយថា ពួកគេមិនចូលរួមក្នុងអរិភាព” នៅក្នុងប្រទេស អ៊ុយក្រែន ហើយថា ឧប្បត្តិហេតុចុងក្រោយនេះជាមួយនឹងយន្តហោះគ្មានមនុស្សបើកគឺជា “ការបញ្ជាក់មួយផ្សេងទៀត ដែលថា សហរដ្ឋអាមេរិក ពាក់ព័ន្ធដោយផ្ទាល់” នៅក្នុងជម្លោះយោធាដែលកំពុងបន្ត។

សេចក្តីថ្លែងការណ៍របស់លេខាធិការរុស្ស៊ីរូបនេះ ធ្វើឡើងបន្ទាប់ពីបញ្ជាការអឺរ៉ុបរបស់ទីក្រុងវ៉ាស៊ីនតោន (EUCOM) បានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើក MQ-9 Reaper មួយគ្រឿងរបស់ខ្លួន ត្រូវបានគេទម្លាក់ពីលើសមុទ្រខ្មៅ កាលពីព្រឹកថ្ងៃអង្គារ ដោយសារសកម្មភាព “គ្មានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈ” ដោយយន្តហោះចម្បាំងរុស្ស៊ី Su-27 ចំនួនពីរគ្រឿង។

មន្ទីរបញ្ចកោណបានទទូចថា អ្នកស្ទាក់ចាប់ជាយន្តហោះពីខាងរុស្ស៊ីមួយគ្រឿងបាន “វាយប្រហារលើស្លាប” នៃយន្តហោះគ្មានមនុស្សបើក ខណៈពេលដែលយន្តហោះនោះកំពុង បំពេញបេសកកម្មឈ្លបយកការណ៍ នៅក្នុងដែនអាកាសអន្តរជាតិ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top