បច្ចេកវិទ្យា

ថៅកែ Apple សរសើរទំនាក់ទំនងចិន ហើយថា Apple និងប្រទេសចិន បាន “រីកចម្រើនជាមួយគ្នា

បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បាននិយាយនៅឯវេទិកាអភិវឌ្ឍន៍ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃសៅរ៍ថា ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone របស់សហរដ្ឋអាមេរិក Apple និងប្រទេសចិនបាន “រីកចម្រើនជាមួយគ្នា” ក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ ហើយទំនាក់ទំនងរវាងក្រុមហ៊ុន និងទីផ្សារដ៏ធំបំផុតមួយ បានក្លាយទៅជា “និមិត្តសញ្ញា” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ទៅកាន់ប្រទេសចិនចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត Covid-19 ក្នុងឆ្នាំ ២០២០ លោក Cook បាននិយាយថា ក្រុមហ៊ុននឹងប្រារព្ធខួបលើកទី ៣០ នៃប្រតិបត្តិការនៅក្នុងទីផ្សារប្រទេសចិនឆាប់ៗនេះ។

នាយកប្រតិបត្តិ Apple រូបនេះបាននិយាយ ហើយត្រូវបានសារព័ត៌មាន Financial Times ស្រង់សម្តីថា “យើងមិនអាចរំភើបជាងនេះបានទេ… Apple និងចិន… បានរីកចម្រើនជាមួយគ្នា ហើយនេះគឺជាទំនាក់ទំនងបែបស៊ីសង្វាក់គ្នា” ។

សូមជម្រាបថា ដំណើរទស្សនកិច្ច របស់លោក Cook កើតឡើងចំពេល ដែលទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន កំពុងប្រឈមមុខនឹងបញ្ហា លើការប៉ុនប៉ង ចុងក្រោយរបស់អាមេរិក ក្នុងការរារាំង ការចូលប្រើប្រាស់បច្ចេកវិទ្យារបស់ចិន ។ ដំណើរទស្សនកិច្ចរបស់លោក Cook ក៏ធ្វើឡើងបន្ទាប់ពីឆ្នាំដ៏លំបាកមួយ សម្រាប់ក្រុមហ៊ុន Apple ដែលទទួលរងពីឧបសគ្គ នៃខ្សែសង្វាក់ផ្គត់ផ្គង់ដោយសារតែការគ្រប់គ្រងសូន្យ-Covid របស់ប្រទេសចិន ។ ប្រាក់ចំណូលរបស់ក្រុមហ៊ុន នៅក្នុងត្រីមាស ចុងក្រោយនៃឆ្នាំ ២០២២ បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជាង ៣ ឆ្នាំ បន្ទាប់ពីក្រុមហ៊ុនត្រូវពន្យារ ពេលការចែកចាយ ផលិតផលមួយចំនួនក្នុងអំឡុងពេលថ្ងៃឈប់ សម្រាកដោយសារតែការរំខាន ការផ្គត់ផ្គង់នៅក្នុងប្រទេសចិន៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top