កីឡា

ក្រុមហ៊ុនអ៊ីហ្ស៊ីខម ចូលរួមជម្រុញការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើសពី កីឡានិងបច្ចេកវិទ្យា

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ី​អាគ្នេយ៍ (CAMSOC) និងក្រុមហ៊ុន Sportsmazing បានចុះហត្ថលេខាជាមួយក្រុមហ៊ុនអ៊ីហ្ស៊ីខម ដើម្បីក្លាយជាដៃគូផ្គត់ផ្គង់សេវាអ៊ីនធឺណិតផ្លូវការ និងជាដៃគូរឧបត្ថម្ភថ្នាក់ជាតិ ក្នុងកម្មវិធីប្រកួតកីឡាអាស៊ី​អាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣​ ខាងមុខនេះ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ បានធ្វើឡើងកាលពីថ្ងៃទី២០ ខែមេសា ក្រោមអធិបតីភាព លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក Steven Path អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Sportsmazing និងលោកស្រី Yuni Lee Heathcote អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុនអ៊ីហ្ស៊ីខម ដើម្បីគាំទ្រដល់ការរៀបចំកម្មវិធីប្រកួតកីឡាថ្នាក់តំបន់ដ៏គួរឱ្យរំភើបនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមពាក្យស្លោក “កីឡារស់ក្នុងសន្តិភាព”

ក្រុមហ៊ុនអ៊ីហ្ស៊ីខមមានទំនួលខុសត្រូវក្នុងការភ្ជាប់សេវាអ៊ីនធឺណិតនៅទីតាំងប្រកួតកីឡាមួយចំនួនដែលបានជ្រើសរើស ដើម្បីបញ្ជូនរូបភាពពីការប្រកួតនានាទៅកាន់មជ្ឈមណ្ឌលផ្សាយបន្តកម្រិតអន្តរជាតិ សម្រាប់យកទៅផ្សាយបន្តដោយស្ថានីយ៍ទូរទស្សន៍ក្នុងតំបន់ដ៏ទៃទៀត។ លើសពីនេះ ក្រុមហ៊ុនអ៊ីហ្ស៊ីខមក៏ទទួលខុសត្រូវក្នុងការភ្ជាប់សេវាអ៊ីនធឺណិតសម្រាប់មជ្ឈមណ្ឌលសារព័ត៌មាន និងមជ្ឈមណ្ឌលប្រតិបត្តិការគ្រប់គ្រងការប្រកួតផងដែរ​។

ក្នុងឆ្នាំ១៩៥៩ ប្រទេសកម្ពុជាគឺជារដ្ឋស្ថាបនិកដំបូងគេមួយ ក្នុងចំណោមរដ្ឋជាសមាជិកចំនួន ០៦ ដែលបានផ្តួចផ្តើមបង្កើតកម្មវិធីប្រកួតកីឡាថ្នាក់តំបន់នេះ។ ចាប់តាំងពីពេលនោះមក កម្ពុជាបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំ កន្លងមកហើយ ក្នុងការក្លាយជាម្ចាស់ផ្ទះនៃការរៀបចំការប្រកួតកីឡាអាស៊ី​អាគ្នេយ៍ (ស៊ីហ្គេម) ក្នុងទឹកដីរបស់ខ្លួន។ ក្នុងឆ្នាំ២០២៣នេះ សុបិន្តបានក្លាយជាការពិតហើយ នឹងជាមោទនភាពដ៏ធំធេងរបស់ប្រទេសកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ​។ ទាំងអស់នេះពិតជាស្របទៅតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធាន និងអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក្នុងការជំរុញក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឱ្យកា្លយជាតួអង្គសំខាន់មួយក្នុងការកសាងប្រទេសជាតិ អភិវឌ្ឍសេដ្ឋកិច្ច បង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពនិងការរស់នៅរបស់ប្រជាជនកម្ពុជា។

លោក វ៉ាត់ ចំរើន មានមោទកភាពយ៉ាងក្រៃលែងចំពោះការប្រកួតកីឡាស៊ីហ្គេមឆ្នាំនេះ ព្រោះថានេះជាលើកទីមួយហើយ ដែលកម្ពុជាអាចបង្ហាញវិញ្ញាសារកីឡាដែលមានអត្តសញ្ញាណកម្ពុជា រួមមានដូចជា ល្បុក្កតោ ប្រដាល់គុនខ្មែរ និងក្រឡាចត្រង្គ ជាដើម។ ស្របពេលដែលកម្ពុជាបានប្រកាសផ្តល់សិទ្ធិផ្សាយបន្តដោយឥតគិតថ្លៃនូវរាល់ការប្រកួតទាំងឡាយ នោះប្រាកដជានឹងមានចំណាប់អារម្មណ៍ច្រើនទាំងក្នុងតំបន់ និងលើសកលលោក មកលើការប្រកួតកីឡារបស់យើង ហើយក៏ដើរតួជាឱកាសដើម្បីឱ្យអន្តរជាតិស្គាល់អំពីកម្ពុជាកាន់តែច្រើនផងដែរ។

លោក ​Steven Path បានលើកឡើងពីសារសំខាន់នៃដៃគូសេវាអ៊ីនធឺណិតដែលមានគុណភាពខ្ពស់ និងគួរជឿទុកចិត្ត ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមអោយបានជោគជ័យ​។ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ី​ហ្គេម បានវិនិយោគទុនជាច្រើនលើការបង្កើតកម្មវិធីទូរស័ព្ទ ដែលនឹងជួយឱ្យអ្នកចូលរួម ដៃគូក្នុងព្រឹត្តិការណ៍ និងទស្សនិកជនមានភាពងាយស្រួលក្នុងការតាមដានសកម្មភាពប្រកួត ក៏ដូចជាផ្តល់ព័ត៌មានពេញលេញអំពីកន្លែងជាវអាហារ ស្តង់លក់ទំនិញ និងលទ្ធផលនៃការប្រកួតជាដើម។ ដូច្នេះដៃគូក្នុងកម្មវិធីអាចបង្កើតអ្វីថ្មីៗ ដើម្បីគាំទ្រការប្រកួតទាំងឡាយរបស់យើង និងចូលរួមធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមិនអាចបំភ្លេចបានសម្រាប់កម្ពុជា។

ក្រុមហ៊ុនអ៊ីហ្ស៊ីខមក៏នឹងចូលរួមផ្សព្វផ្សាយអំពីអត្តពលិកជាតិកម្ពុជាមួយចំនួន ដើម្បីជួយលើកស្ទួយកិត្តិនាមរបស់ពួកគាត់ ក៏ដូចជាជួយចែករំលែកព័ត៌មានឱ្យបានកាន់តែទូលំទូលាយអំពីកីឡាដែលពួកគាត់ចូលរួមប្រកួត។ នេះគឺជាឱកាសមួយសម្រាប់អត្តពលិកក្នុងក្រុមជម្រើសជាតិកម្ពុជាចែករំលែកអំពីប្រវត្តិ និងបទពិសោធន៍របស់ពួកគាត់ ដែលអ្វីដែលបានជំរុញឱ្យពួកគាត់ឈានដល់ភាពជោគជ័យកម្រិតនេះ។

តាមរយៈគម្រោងនេះ ក្រុមហ៊ុនអ៊ីហ្ស៊ីខមអាចជំរុញ និងលើកទឹកចិត្តដល់ការអភិវឌ្ឍសមត្ថភាពជាបន្តបន្ទាប់ក្នុងចំណោមក្រុមអត្តពលិក។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនអ៊ីហ្ស៊ីខមគឺជាក្រុមហ៊ុនបច្ចេកវិទ្យា និងអាចពាំនាំយក​បច្ចេកវិទ្យាថ្មីៗមក​អភិវឌ្ឍវិស័យកីឡានៅកម្ពុជា។ ហើយ​ចុងក្រោយ​ ​ដើម្បីចូលរួមលើកស្ទួយកិត្តស័ព្ទ និងបង្ហាញពីភាពជោគជ័យរបស់កម្ពុជា ក្រោម​ការដឹកនាំ​ដ៏ឈ្លាសវៃរបស់ ​សម្តេចតេជា ហ៊ុន សែន ទៅកាន់​ឆាក​ពិភពលោក​ លោកស្រី Yuni Lee Heathcote អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុនអ៊ីហ្ស៊ីខម បាននិយាយពាក្យមួយឃ្លានេះថា “ចូរយើងរួមគ្នាធ្វើឱ្យការប្រកួតកីឡានេះ ក្លាយជាការប្រកួតកីឡាដែលល្អបំផុតមិនធ្លាប់មាន!” ៕

Most Popular

To Top