ព័ត៌មានអន្តរជាតិ

ការ​ចំណាយ​លើ ​វិស័យ​យោធា ​របស់​ពិភពលោក ​ឡើង​ដល់​កម្រិត​ខ្ពស់បំផុត រហូតដល់ ២,២៤ ទ្រី​លាន​ដុល្លារ

បរទេស ៖ ការចំណាយលើវិស័យយោធា ពិភពលោក បានឡើងដល់កម្រិតខ្ពស់បំផុតគឺ ២,២៤ ពាន់ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ខណៈដែលការលុកលុយ របស់រុស្ស៊ីលើអ៊ុយក្រែន បានជំរុញឱ្យមានការកើនឡើងយ៉ាងខ្លាំង នៃការចំណាយយោធានៅទូទាំងទ្វីបអឺរ៉ុប នេះបើយោងតាមក្រុមអ្នក គិតផ្នែកការពារជាតិឈានមុខគេ ។

វិទ្យាស្ថានស្រាវជ្រាវ សន្តិភាពអន្តរជាតិ Stockholm (SIPRI) បានឲ្យដឹងនៅថ្ងៃចន្ទនេះ ក្នុងរបាយការណ៍ ប្រចាំឆ្នាំរបស់ខ្លួន ស្តីពីការចំណាយលើ វិស័យយោធាពិភពលោកថា ការចំណាយសកលបានកើនឡើង ក្នុងរយៈពេល ៨ឆ្នាំជាប់ៗគ្នា។

មានការកើនឡើង ១៣ភាគរយនៅអឺរ៉ុប ដែលជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ៣០ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។

ប្រភពព័ត៌មានពី SIPRI បានឲ្យដឹងថា ភាគច្រើននៃរឿង នោះមានទំនាក់ទំនងជាមួយរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែប្រទេសផ្សេងទៀត ក៏បានបង្កើនការចំណាយយោធាផងដែរ ដើម្បីឆ្លើយតបទៅនឹង ការគំរាមកំហែងរបស់រុស្ស៊ី។

លោក Nan Tian អ្នកស្រាវជ្រាវជាន់ខ្ពស់ នៃកម្មវិធីចំណាយយោធា និងផលិតអាវុធរបស់ SIPRI បានឲ្យដឹងថា “ការកើនឡើងជាបន្តបន្ទាប់ នៃការចំណាយលើវិស័យយោធាពិភពលោក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាសញ្ញាមួយដែលបង្ហាញថា យើងកំពុងរស់នៅក្នុងពិភពលោក ដែលមានសុវត្ថិភាពកាន់តែខ្លាំងឡើង” ។

លោកបានបន្ដថា “រដ្ឋនានាកំពុងពង្រឹងកម្លាំងយោធា ដើម្បីឆ្លើយតបទៅនឹងបរិយាកាសសន្តិសុខ ដែលកាន់តែយ៉ាប់យ៉ឺន ដែលពួកគេមិនបានរំពឹងទុកថា នឹងមានភាពប្រសើរឡើង នាពេលខាងមុខនោះទេ”។

ទីក្រុងមូស្គូ បានចូលលុកលុយ និងដណ្ដើមយកឧបទ្វីបគ្រីមៀ របស់អ៊ុយក្រែន ក្នុងឆ្នាំ២០១៤ និងបានគាំទ្រក្រុមឧទ្ទាមបំបែកខ្លួន នៅភាគខាងកើតរបស់ប្រទេស មុនពេលវាចាប់ផ្តើមការ លុកលុយពេញលេញ របស់ខ្លួននៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។

ចំណាត់ការនេះបានធ្វើឱ្យមានការព្រួយបារម្មណ៍ ក្នុងចំណោមប្រទេសដទៃទៀត ដែលនៅជិតខាងរុស្ស៊ី ឬធ្លាប់ជាផ្នែកនៃឥទ្ធិពលរបស់សហភាពសូវៀត ដោយការចំណាយរបស់ហ្វាំងឡង់កើនឡើង ៣៦ភាគរយ និងការចំណាយយោធារបស់ លីទុយអានីកើនឡើង ២៧ ភាគរយ។

កាលពីខែមេសា ប្រទេសហ្វាំងឡង់ ដែលមានព្រំប្រទល់ជាប់នឹងរុស្ស៊ីលាតសន្ធឹងប្រហែល ១៣៤០គីឡូម៉ែត្រ (៨៣៣ម៉ាយ) បានក្លាយជាសមាជិកទី ៣១ នៃអង្គការណាតូ។ ប្រទេសស៊ុយអែត ដែលបានគេចចេញពីសម្ព័ន្ធភាពយោធាជាង ២០០ ឆ្នាំមកហើយ ក៏ចង់ចូលរួមដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top