បច្ចេកវិទ្យា

ថៃ​កំពុង​ធ្វើរឿង​​មួយ​ ដើម្បីក្លាយជា​ជង្រុក​ផលិត​ អាគុយ​រថយន្ត​អគ្គិសនី ធំបំផុត​នៅអាស៊ាន

ប្រទេស​ថៃ មាន​មហិច្ឆតា​ក្នុងការក្លាយ ​ជាមជ្ឈមណ្ឌល​ផលិត​អាគុយ ​រថយន្តអគ្គិសនី​ដ៏ធំបំផុត ​នៅ​ក្នុងតំបន់អាស៊ាន ដោយ​ប្រទេស​មួយនេះ កំពុងអូសទាញ​ក្រុមហ៊ុនផលិតអាគុយធំៗ​ ឱ្យចូលមកវិនិយោគ​ ក្នុងប្រទេស​របស់ខ្លួន ។

តាម​ការបញ្ជាក់​របស់​លោក Narit Therdsteerasukdi អគ្គលេខាធិការ នៃក្រុមប្រឹក្សា​វិនិយោគ​ថៃ ឱ្យដឹងថា ភាគីថៃ​កំពុង​ចរចា​ជាមួយ​ក្រុមហ៊ុនផលិតអាគុយ​ដ៏ធំមួយរបស់ចិន គឺ​ក្រុមហ៊ុន CATL ឱ្យចូលបណ្តាក់ទុន​បង្កើតរោងចក្រ​​ក្នុងប្រទេស ។ មិនត្រឹមតែប៉ុណ្ណឹង​ទេ ថៃ​ក៏កំពុងទាក់ទាញ​ក្រុមហ៊ុនដទៃទៀត​ផងដែរ ។

គួរដឹងថា ក្រុមហ៊ុន CATL បានគ្របដណ្តប់​ការផ្គត់ផ្គង់​អាគុយ ​សម្រាប់​រថយន្ត​អគ្គិសនី ដោយមានចំណែកទីផ្សារ ៣៧%។ បច្ចុប្បន្ន​ក្រុមហ៊ុនចិនមួយនេះ ពុំមាន​រោងចក្រ​នៅ​ក្នុងតំបន់អាស៊ាន​នោះទេ។

ប្រទេស​អាស៊ានមួយនេះ បាន​លើកទឹកចិត្ត​ក្រុមហ៊ុន​ផលិត អាគុយបរទេស​ តាមរយៈ​ការបន្ធូរបន្ថយពន្ធ និង​ការឧបត្ថម្ភធន ដើម្បីឆ្ពោះទៅការ​ផលិត និងប្រើប្រាស់​រថយន្ត​អគ្គិសនី។ ក្នុងនោះគឺបានទទួលផលរួចមកហើយ តាមរយៈការដាក់រោងចក្រ​របស់​ក្រុមហ៊ុន BYD និង Great Wall Motors។

ជាមួយគ្នា​នេះ ថៃ បាន​ផ្តល់​អាទិភាព​ក្នុងការគាំទ្រ​ការវិនិយោគ​ ពោលគឺ​ជាមូលធិនិ សម្រាប់​រោងចក្រ​ដែលមានសមត្ថភាព​ផលិតអាគុយ បានជាង ៨ជីហ្គាវ៉ាត់ម៉ោង។ ទំហំរោងចក្រ​ប៉ុណ្ណេះ អាចទ្រទ្រង់​អាគុយ​បំពាក់​លើ​រថយន្ត​អគ្គិសនី​បាន​ជាង ១០ម៉ឺន ៦ពាន់​គ្រឿង (ក្នុងករណី​អាគុយមួយមាន​ទំហំ ៧៥គីឡូវ៉ាត់ម៉ោង)៕

Most Popular

To Top