បច្ចេកវិទ្យា

ទីបំផុត! លោក Elon Musk តែងតាំងលោកស្រី Linda Yaccarino ធ្វើជានាយកប្រតិបត្តិបណ្តាញសង្គម Twitter

បរទេស៖ ទូរទស្សាន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ថា លោក Elon Musk បានតែងតាំងនាយកប្រតិបត្តិថ្មី របស់បណ្តាញសង្គម Twitter ត្រឹមតែជាង៦ខែ បន្ទាប់ពីការកាន់កាប់ដ៏ចម្រូងចម្រាស របស់គាត់ពីក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ ។
មហាសេដ្ឋីរូបនេះបានថ្លែងថា លោកស្រី Linda Yaccarino ជាអតីតប្រធានផ្នែកផ្សាយ ពាណិជ្ជកម្មនៅ NBCUniversal នឹងមើលការខុសត្រូវ លើប្រតិបត្តិការអាជីវកម្មនៅគេហទំព័រនេះ ដែលកំពុងជួបការលំបាក ក្នុងការរកលុយ ។

គាត់បានថ្លែងថា នាងនឹងចាប់ផ្តើមការងារ នៅក្នុងរយៈពេល៦សប្តាហ៍ខាងមុខ ។

លោក Musk នឹងនៅតែជាប់ពាក់ព័ន្ធជាប្រធានប្រតិបត្តិ និងជាប្រធានផ្នែកបច្ចេកវិទ្យាដដែល ។

“ទន្ទឹងរង់ចាំធ្វើការជាមួយលោកស្រី Linda ដើម្បីផ្លាស់ប្តូរវេទិកានេះទៅជា X ដែលជាកម្មវិធីគ្រប់យ៉ាង” ។ គាត់បានសរសេរនៅលើបណ្តាញសង្គម Twitter ដោយបញ្ជាក់ពីការសម្រេចចិត្តមួយ ថ្ងៃបន្ទាប់ពីគាត់បានធ្វើឱ្យមានការរំពឹងទុកដោយសរសេរថា គាត់បានរកឃើញចៅហ្វាយថ្មី ដោយមិនបង្ហាញពីអត្តសញ្ញាណ របស់ពួកគេឡើយ ។

លោក Musk ដែលបានទិញវេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គមកាលពីឆ្នាំមុនក្នុងតម្លៃ៤៤ពាន់លានដុល្លារ បានរងសម្ពាធក្នុងការស្វែង រកអ្នកផ្សេង ដើម្បីដឹកនាំក្រុមហ៊ុន ហើយផ្តោតលើអាជីវកម្មផ្សេងទៀត របស់គាត់ដែលរួមមានក្រុមហ៊ុន ផលិតរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុនបង្ហោះគ្រាប់រ៉ុក្កែត SpaceX ផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top