បច្ចេកវិទ្យា

ក្រុមហ៊ុន​គេ​គ្រប់គ្នា ​ចង់ដាក់​អាគុយធំ ដើម្បីឱ្យឡានបើកបានឆ្ងាយ ខុសអីតែ CEO របស់ Ford បែរ​ជានិយាយ​បែបនេះ​ទៅវិញ

ក្រុមហ៊ុនផលិត​ រថយន្ត​អគ្គិសនី​នីមួយៗ​ បាននឹងកំពុងខិតខំ​បង្កើន ទំហំអាគុយ​​ដើម្បី​អាច​​ឱ្យ ​រថយន្ត​ធ្វើដំណើរបាន​កាន់តែឆ្ងាយ ។ ប៉ុន្តែ CEO របស់​ក្រុមហ៊ុន Ford ហាក់មិនយល់ស្រប​ ក្នុងការ​បង្កើនទំហំ​អាគុយនេះឡើយ ។

លោក Jim Farley នាយកប្រតិបត្តិរបស់​ក្រុមហ៊ុន Ford បាន​និយាយ​ថ្មីៗនេះថា លោកមិនដឹងថា តើ​បច្ចុប្បន្ន​ ឧស្សាហកម្មរថយន្តអគ្គិសនី​នេះ​នឹងទៅជាយ៉ាងណានោះទេ ។ លោកលឺគេ​ប្រកាសថា រថយន្ត​នេះ​បើកបានចម្ងាយជាង ៧០០គីឡូម៉ែត្រ ឬ ៨០០គីឡូម៉ែត្រ។ លោកថា​ អាគុយទាំងនេះ គឺពិតជាធំណាស់ ហើយ​បញ្ជាក់ថា បើ​ពិត​ជាបំពាក់​អាគុយ​ទាំងនោះមែន គឺនឹងមិនអាច​ស្វែង រកប្រាក់​ចំណេញ​បានឡើយ។

បើតាម​លោក Jim Farley ការដាក់​អាគុយកាន់តែធំ​ គឺ​នឹង​ធ្វើឱ្យអាគុយ​កាន់តែខ្វះខាត និងឡើង​ថ្លៃ ពោលគឺ​ចំណាយ​កាន់តែខ្ពស់​ក្នុងការផលិត និង​ពិបាក​ទទួលផលប្រាក់ចំណេញ ។ សម្រាប់ក្រុមហ៊ុន Ford ផ្ទាល់របស់លោក គឺ​នឹង​មិនផ្តោតទៅលើ​ចម្ងាយបើកបរនោះទេ ប៉ុន្តែ​នឹង​ព្យាយាម​បំពាក់​អាគុយ​ដ៏តូចបំផុត ជាមួយ​ចម្ងាយ​ ដែល​ប្រកួត​ប្រជែង​ក្នុងទីផ្សារ៕

Most Popular

To Top