បរទេស ៖ អ្នកនាំពាក្យក្រសួងការបរទេស រុស្ស៊ីលោកស្រី Maria Zakharova បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ទីក្រុងប៊ែរឡាំងត្រូវតែ បញ្ឈប់ជាបន្ទាន់ ការប្រើប្រាស់វិធានការបង្ខិតបង្ខំ ប្រឆាំងនឹង ការទៅនឹង ដំណើរទស្សនកិច្ច របស់ពលរដ្ឋរុស្ស៊ី និងពន្យល់ពីមូលហេតុ ដែលខ្លួនបានរឹបអូសរថយន្តឯកជន របស់ជនជាតិរុស្ស៊ី កន្លងមកនោះផង។
យោងតាមការចេញ ផ្សាយរបស់ RT បានឲ្យដឹងទៀតថា ចំណាត់ការរបស់អាជ្ញាធរអាល្លឺម៉ង់ ត្រូវបានលោកស្រីអ្នកនាំពាក្យរូបនេះ អះអាងថា មានកម្រិតហួសទៅ នឹងការទាមទារ មិនស្របច្បាប់ទាំងស្រុង នៃកញ្ចប់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ។
គួរឲ្យដឹងថាថ្មីៗកន្លងមកនេះ ទាំងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី និងអាល្លឺម៉ង់ បានរាយការណ៍ថា មន្ត្រីគយនៅអាល្លឺម៉ង់ បានចាប់ផ្តើមរឹបអូស រថយន្តផ្ទាល់ខ្លួន ដែលមានស្លាក លេខរុស្ស៊ី នៅពេលពួកគេមកដល់ប្រទេសអាល្លឺម៉ង់ ដែលភាគច្រើនសុទ្ធតែជាភ្ញៀវទេសចរ ជនជាតិរុស្សីចូលចិត្តធ្វើដំណើរ ឆ្លងកាត់ទ្វីបអឺរ៉ុប ដោយយានជំនះខ្លួនឯង។
ទោះបីជាយ៉ាងណាក្តីមន្ត្រីគយអាល្លឺម៉ង់ បានបញ្ជាក់ប្រាប់កាសែត Berliner Zeitung ថា រថយន្តរុស្ស៊ីត្រូវបានរឹបអូសស្រប តាមអ្វីដែលគេហៅថាបទប្បញ្ញត្តិទណ្ឌកម្ម របស់សហភាពអឺរ៉ុបប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី