ក្រសួងពាណិជ្ជកម្មឥណ្ឌា បានច្រានចោលសំណើរបស់ក្រុមហ៊ុនចិន BYD ដែលមានគម្រោងវិនិយោគរោងចក្រផលិតរថយន្តអគ្គិសនីតម្លៃ ១ពាន់លានដុល្លារ ក្នុងប្រទេសនេះ។
ការបដិសេធសំណើវិនិយោគនេះ ក្រោមលេសថា ព្រួយបារម្ភពីសន្តិសុខជាតិ បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌា បានកែប្រែគោលនយោបាយការវិនិយោគផ្ទាល់ពីប្រទេសជាប់ព្រំដែន កាលពីឆ្នាំ២០២០។ តែយ៉ាងណាមិញ មន្រ្តីជាន់ខ្ពស់ចិន បានជួបចរចាជាមួយភាគីឥណ្ឌា ជុំវិញរឿងនេះហើយ។
ដើមឡើយ ក្រុមហ៊ុន BYD គ្រោងបង្កើតទីតាំងមួយជាមួយក្រុមហ៊ុនក្នុងស្រុកឥណ្ឌា Megha Engineering and Infrastructure និងបានបញ្ជូនសំណើសម្រាប់ការបើករោងចក្ររថយន្តកាលពីដើមខែកក្កដានេះ។ ក្នុងពាក្យស្នើសុំនោះ BYD បញ្ជាក់ថា រោងចក្រនេះនឹងអាចផលិតរថយន្តអគ្គិសនីបានចន្លោះពី ១ម៉ឺន ទៅ ១ម៉ឺន ៥ពាន់គ្រឿងក្នុងមួយឆ្នាំ។
បន្ថែមលើសនេះ ក្រុមហ៊ុនទាំងពីរ ក៏មានបំណងបង្កើតស្ថានីយសាកភ្លើងនៅទូទាំងប្រទេសផងដែរ ព្រមទាំងចង់បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ អភិវឌ្ឍន៍ និងបណ្តុះបណ្តាលថែមទៀតផង។
បើទោះបីជាខកចិត្តចំពោះការបដិសេធនេះក៏ដោយ BYD ក៏នឹងបន្តផ្តោតលើការលក់រថយន្តខ្លួនក្នុងប្រទេសឥណ្ឌាដដែល។ BYD បានបញ្ជាក់កាលពីដើមខែនេះថា ខ្លួនលក់រថយន្តអគ្គិសនី និងប្រភេទ Plug-in Hybrid បានចំនួនជាង ១,២៥លានគ្រឿង ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២៣នេះ ដែលកើនឡើង ៩៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
ប្រភពៈsabay