រថយន្តថ្មីៗ ជាងពាក់កណ្តាល ដែលលក់នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៣ ត្រូវបានរំពឹងថា ជាប្រភេទរថយន្តអគ្គិសនី ដែលនោះហើយវានឹងក្លាយជាប្រភព នៃការគំរាមកំហែង ដល់ការខ្វះខាត ថាមពលប្រើប្រាស់ ក្នុងប្រទេសមមហាអំណាចមួយនេះ។
យោងតាមការវិភាគ របស់គម្រោងស្រាវជ្រាវ REPEAT នៃសាកលវិទ្យាល័យ Princeton បង្ហាញថា តម្រូវការអគ្គិសនីក្នុងស្រុករបស់អាមេរិក នៅឆ្នាំ២០២២ ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ១៨% ត្រឹមឆ្នាំ២០៣០ និង ៣៨% ត្រឹមឆ្នាំ២០៣៥ ។ ការកើនឡើងនេះ ដោយសារផ្នែកខ្លះបានផ្លាស់ប្តូរថាមពលពីឥន្ធនៈហ្វូស៊ីលទៅអគ្គិសនី វិស័យដឹកជញ្ជូន និងរថយន្តធុនស្រាល សុទ្ធតែបានបង្វែរ ទៅការប្រើអគ្គិសនី។
លោក Rob Gramlich ប្រធានក្រុមហ៊ុន Grid Strategies បាននិយាយថា «យើងនឹងមានតម្រូវការ ថាមពលច្រើន នៅពេលដែលយើងមិនមានគ្រប់គ្រាន់ សម្រាប់រយៈពេល ២៥ឆ្នាំឡើយ»។ លោកថា រថយន្តអគ្គិសនី បានត្រឹមតែជួយដោះស្រាយការ មិនបញ្ចេញផ្សែងប៉ុណ្ណោះ តែការផ្គត់ផ្គង់ និងតម្រូវការថាមពល គឺកើនឡើងធំ ។
តម្រូវការថាមពលទាំងនោះហើយ ដែលត្រូវឱ្យមានការផ្លាស់ប្តូរ ខ្សែបណ្តាញមេដែលមានវ៉ុលកាន់តែខ្ពស់ ដើម្បីអាចបញ្ជូនថាមលអគ្គិសនីពីខ្យល់ និងសូឡា ទៅមជ្ឈមណ្ឌលចែកចាយ ខ្សែចែកចាយតូចៗ និងការបម្លែងថាមពល សម្រាប់ស្ថានីយសាកអាគុយរថយន្តអគ្គិសនីជាដើម។
វាមិនមែនចំណាយតិចនោះទេ សម្រាប់ការបង្កើនខ្សែបណ្តាញមេបែបនេះ។ ក្នុងការសិក្សាមួយដែលធ្វើឡើងដោយ California Public Utilities Commission និងក្រុមហ៊ុន Kevala បានព្យាករថា គ្រាន់តែរដ្ឋ California មួយ នឹងត្រូវចំណាយដល់ ៥០ពាន់លានដុល្លារ ឯណោះនៅត្រឹមឆ្នាំ២០៣៥ ដើម្បីបំពេញតម្រូវការអគ្គិសនីខាងលើនេះ ជាពិសេសគឺសម្រាប់គាំទ្រដល់គោលដៅ លក់រថយន្តអគ្គិសនី របស់រដ្ឋាភិបាលអាមេរិក។
បើតាមវិបសាយមួយ ដែលបង្ហាញពីការប្រើប្រាស់អគ្គិសនី Verifythis រកឃើញថា បើម្ចាស់រថយន្ត Tesla Model 3 ដែលបើកបរជាមធ្យមប្រហែល ១ម៉ឺន ៤ពាន់ម៉ាយល៍ ក្នុងមួយឆ្នាំ នោះវានឹងប្រហាក់ប្រហែលនឹង ១០ដង នៃការស៊ីភ្លើងរបស់ទូរទឹកកកមួយគ្រឿង។ ហើយប្រសិនបើរថយន្តអគ្គិសនីកាន់តែធំទៀតនោះ ដូចជា Ford F-150 Lightning នោះវាក៏ត្រូវភ្លើងច្រើន ជាងនេះផងដែរ៕