ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី ថា អ៊ុយក្រែនបើកការវាយប្រហារដោយប្រើ យន្តហោះគ្មានមនុស្សបើក

រូបភាពពី៖​ XINHUA

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ ប្រទេសអ៊ុយក្រែនបានបើកការវាយប្រហារមកលើទីក្រុងម៉ូស្គូ និងតំបន់នៅម៉ូស្គូ ដោយប្រើយន្តហោះគ្មានមនុស្សបើកចំនួន៣គ្រឿង ហៅកាត់ថា (UAVs) ដោយក្នុងនោះមានចំនួន២គ្រឿង ត្រូវបានបាញ់ទម្លាក់ និងទី៣បានធ្លាក់ បន្ទាប់ពីឧបករណ៍អេឡិចត្រូនិចបានគាំង ។

ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា នេះជាការប៉ុនប៉ងដែលត្រូវបានរារាំងដោយប្រព័ន្ធការពារដែនអាកាស ដែលបានបំផ្លាញយន្តហោះ UAVs របស់អ៊ុយក្រែនចំនួន២គ្រឿងនៅក្នុងស្រុក Odintsovo និង Naro-Fominsky នៃតំបន់ម៉ូស្គូ ។

ក្រសួងបានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើក១គ្រឿងទៀតដែលរងផលប៉ះពាល់ដោយសារឧបករណ៍អេឡិចត្រូនិចបានបាត់បង់ដំណើរការ និងបានធ្លាក់ចូលទៅក្នុងអគារដែលមិនមែនជាលំនៅដ្ឋានមួយនៅទីក្រុងម៉ូស្គូ ។

លោក Sergei Sobyanin អភិបាលក្រុងមូស្គូ បានបញ្ជាក់នៅលើបណ្តាញ Telegram របស់លោកថា យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស ខណៈដែលព្យាយាមហោះហើរចូលទៅក្នុងទីក្រុងមូស្គូ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top