បច្ចេកវិទ្យា

ក្រុមហ៊ុន X របស់លោក Musk ប្តឹងមជ្ឈមណ្ឌល មិនរកប្រាក់ចំណេញ រំលេចពាក្យស្អប់ខ្ពើមប្រព័ន្ធឌីជីថល និងភាពជ្រុលនិយម

រូបភាពពី៖​ AFP

វ៉ាស៊ីនតោន៖ X ជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដោយពីមុនត្រូវគេស្គាល់ថា ជា Twitter បានប្តឹងក្រុមអ្នកស្រាវជ្រាវដោយចោទប្រកាន់ការងារ របស់ពួកគេបង្ហាញពីការកើនឡើង នៃការនិយាយស្អប់នៅលើវេទិកានេះ បានធ្វើឲ្យក្រុមហ៊ុនទទួលបានប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មរាប់លានដុល្លារ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

បណ្តឹងដែលបានប្តឹងកាលពីយប់ថ្ងៃច័ន្ទទៅតុលាការស្រុកសហរដ្ឋអាមេរិក នៅសង្កាត់ភាគខាងជើង នៃរដ្ឋកាលីហ្វ័រញ៉ាបានចោទប្រកាន់មជ្ឈមណ្ឌល មិនរកប្រាក់ចំណេញសម្រាប់ការប្រឆាំងការស្អប់ឌីជីថលពីការរំលោភលើលក្ខខណ្ឌនៃសេវាកម្មរបស់ X ដោយការប្រមូលទិន្នន័យយ៉ាងមិនត្រឹមត្រូវសម្រាប់ការវិភាគរបស់វា។

បណ្តឹងនេះក៏បានចោទប្រកាន់ដោយមិនបង្ហាញភស្តុតាងថា អង្គការនេះត្រូវបានផ្តល់មូលនិធិដោយរដ្ឋាភិបាលបរទេស និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែលចាត់ទុក X ជាការប្រកួតប្រជែង។

ការប្រយុទ្ធគ្នាតាមផ្លូវច្បាប់រវាងក្រុមហ៊ុនបច្ចេកវិទ្យាត្រូវបានទិញដោយលោក Elon Musk កាលពីឆ្នាំមុន ហើយមជ្ឈមណ្ឌលនេះអាចមានផលប៉ះពាល់យ៉ាងសំខាន់ចំពោះចំនួនអ្នកស្រាវជ្រាវ និងក្រុមតស៊ូមតិកំពុងកើនឡើង ដែលស្វែងរកការជួយសាធារណជនឲ្យយល់ពីរបៀបប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងផ្លាស់ប្តូរសង្គម និងវប្បធម៌។

ការិយាល័យនៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស មជ្ឈមណ្ឌលនេះផ្សព្វផ្សាយជាទៀងទាត់នូវរបាយការណ៍ស្តីពីពាក្យសម្ដីស្អប់ខ្ពើម ភាពជ្រុលនិយម និងអាកប្បកិរិយាបង្កគ្រោះថ្នាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា X, TikTok ឬ Facebook ជាដើម។ អង្គការនេះបានចេញផ្សាយរបាយការណ៍ជាច្រើនរិះគន់ការដឹកនាំរបស់លោក Musk ដោយរៀបរាប់លម្អិតអំពីការកើនឡើងនៃការនិយាយស្អប់ប្រឆាំងនឹង LGBTQ ក៏ដូចជាព័ត៌មានមិនពិតអំពីអាកាសធាតុចាប់តាំងពីការទិញរបស់លោក។

ក្នុងពាក្យបណ្ដឹងរបស់ខ្លួន X បានចោទប្រកាន់មជ្ឈមណ្ឌលនេះថា បានរំលោភលើលក្ខខណ្ឌនៃសេវាកម្មរបស់ខ្លួនដោយស្វ័យប្រវត្តទិន្នន័យយ៉ាងច្រើនពីគេហទំព័រដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុន។
X ក៏បានអះអាងថា មជ្ឈមណ្ឌលបានចូលប្រើទិន្នន័យ Twitter ខាងក្នុងដោយមិនត្រឹមត្រូវ ដោយប្រើអត្តសញ្ញាណប័ណ្ណដែលខ្លួនទទួលបានពីបុគ្គលិកនៅក្រុមហ៊ុនដាច់ដោយឡែកមានទំនាក់ទំនងអាជីវកម្មជាមួយ X។

ជាការឆ្លើយតបទៅនឹងចំណាត់ការផ្លូវច្បាប់ លោក Imran Ahmed ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលនេះបានការពារការងាររបស់ខ្លួន និងបានចោទប្រកាន់លោក Musk ថា បានប្រើប្រាស់ពាក្យបណ្ដឹងដើម្បីបំបិទមាត់ការរិះគន់លើការដឹកនាំរបស់លោក ក៏ដូចជាការស្រាវជ្រាវទៅលើតួនាទី X ក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត និងការនិយាយស្អប់៕ ដោយ៖លី ភីលីព

Most Popular

To Top