បច្ចេកវិទ្យា

ទីភ្នាក់ងារអវកាសរុស្ស៊ី៖ យានអវកាស Luna-25 របស់រុស្ស៊ី ចូលទៅកាន់គន្លងរបស់ព្រះច័ន្ទ

AFP

មូស្គូ៖យោងតាមការចេញផ្សាយពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា យានអវកាសរបស់រុស្ស៊ីបានចូលដល់គន្លងរបស់ភពព្រះច័ន្ទកាលពីថ្ងៃពុធ ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកមហិច្ឆតារបស់ប្រទេសក្នុងការចុះចតជាលើកដំបូងនៅលើប៉ូលខាងត្បូងរបស់ព្រះច័ន្ទក្នុងការស្វែងរកទឹកដែលកក។


ក្រុមហ៊ុនអវកាសរុស្ស៊ី Roskosmos បាននិយាយថា Luna-25 បានចូលទៅក្នុងគន្លងរបស់ព្រះច័ន្ទនៅម៉ោង ១១:៥៧ នាទីព្រឹក ម៉ោងក្នុងស្រុក ។ Luna-25 នឹងធ្វើរង្វង់ជុំវិញព្រះច័ន្ទ ដែលជាផ្កាយរណបធម្មជាតិតែមួយគត់របស់ផែនដី ក្នុងរយៈពេលប្រហែល ៥ថ្ងៃ បន្ទាប់មកផ្លាស់ប្តូរទិសដៅសម្រាប់ការចុះចតយ៉ាងទន់ភ្លន់នៅលើប៉ូលខាងត្បូងភពព្រះច័ន្ទតាមគ្រោងធ្វើនៅថ្ងៃទី ២១ ខែសីហា។


យាន Chandrayaan-3 របស់ឥណ្ឌាបានចូលទៅក្នុងគន្លងរបស់ព្រះច័ន្ទនៅដើមខែនេះ មុនពេលការប៉ះប៉ូលខាងត្បូងនៃព្រះច័ន្ទនៅចុងខែនេះ។ យាន Luna-25 មានទំហំប៉ុនរថយន្តតូចមួយមានបំណងដំណើរការរយៈពេលមួយឆ្នាំនៅលើប៉ូលខាងត្បូង ដែលអ្នកវិទ្យាសាស្ត្រណាសា និងទីភ្នាក់ងារអវកាសផ្សេងទៀតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានរកឃើញដាននៃទឹកកកក្នុងរណ្ដៅ។


នេះបើយោងតាមលោក Anatoly Zak ជាអ្នកបង្កើត និងចេញផ្សាយគេហទំព័រ www.RussianSpaceWeb.com តាមដានកម្មវិធីអវកាសរុស្ស៊ីថា វត្តមានទឹកនៅលើភពព្រះច័ន្ទមានផលប៉ះពាល់ដល់មហាអំណាចអវកាសធំៗ ធ្វើឲ្យមានការធ្វើដំណើររបស់មនុស្សនៅលើភពផែនដីបានយូរ អាចឲ្យមានការជីកយករ៉ែធនធានភពព្រះច័ន្ទ។ គ្មានយានអវកាសរុស្ស៊ីណាមួយបានចូលក្នុងគន្លងព្រះច័ន្ទទេ ចាប់តាំងពី Luna-24 ជាបេសកកម្មព្រះច័ន្ទ ឆ្នាំ ១៩៧៦ របស់សហភាពសូវៀត ។

លោក Zak បានប្រាប់រ៉យទ័រថា ការចូលទៅក្នុងគន្លងភពព្រះច័ន្ទ ពិតជាមានសារសំខាន់សម្រាប់ភាពជោគជ័យនៃគម្រោងនេះ ។ នេះជាលើកដំបូងសម្រាប់សម័យក្រោយសូវៀត។ អ្នកខ្លះហៅការប្រណាំងភពព្រះច័ន្ទទី២ ដូច្នេះវាមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសរុស្ស៊ីក្នុងការបន្តកម្មវិធីនេះឡើងវិញ។ Luna-25 មិនមែនគ្រាន់តែជាបេសកកម្មមួយនោះទេ វាគឺជាផ្នែកនៃយុទ្ធសាស្ត្ររុស្ស៊ីដ៏ទូលំទូលាយដែលអូសបន្លាយរយៈពេល ១០ ឆ្នាំទៅអនាគត៕

ដោយ៖លី ភីលីព

Most Popular

To Top