ម៉ូស្គូ៖ ទីភ្នាក់ងារសហព័ន្ធរុស្ស៊ី សម្រាប់ការដឹកជញ្ជូនតាមផ្លូវអាកាសបានអនុលោមកាលពីថ្ងៃពុធថា មេដឹកនាំក្រុមហ៊ុនយោធាឯកជន Wagner Group លោក Yevgeny Prigozhin បានស្លាប់នៅក្នុងការធ្លាក់យន្តហោះនៅក្នុងតំបន់ Tver ក្បែរទីក្រុងម៉ូស្គូ។
យោងតាមបញ្ជីឈ្មោះដែលចេញផ្សាយដោយទីភ្នាក់ងារនៅលើគណនី Telegram របស់ខ្លួនលោក Prigozhin ស្ថិតក្នុងចំណោមមនុស្សដប់នាក់ ដែលបានបាត់បង់ជីវិតនៅក្នុងការធ្លាក់កាលពីថ្ងៃពុធ។
ទីភ្នាក់ងារនេះបានឲ្យដឹងនៅមុននេះថា ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង ចំពោះមូលហេតុនៃការធ្លាក់យន្តហោះនៅក្នុងតំបន់ Tver ដោយកត់សម្គាល់ថាលោក Yevgeny Prigozhin ស្ថិតក្នុងចំណោមអ្នកដំណើរ។
ក្រសួងស្ថានការណ៍គ្រាអាសន្នរបស់រុស្ស៊ីបាននិយាយថា យន្តហោះ Embraer ឯកជនកំពុងធ្វើដំណើរពីទីក្រុងមូស្គូទៅទីក្រុង St. Petersburg បានធ្លាក់ក្នុងតំបន់ Tver កាលពីថ្ងៃពុធ ដោយបានកត់សម្គាល់ថា មនុស្សទាំង ១០ នាក់នៅលើនោះបានស្លាប់ក្នុងឧបទ្ទវហេតុនោះ។
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានទទួលព័ត៌មានសង្ខេបអំពីរបាយការណ៍ដែលថា យន្តហោះមួយគ្រឿង ដែលត្រូវបានគេរាយការណ៍ថាដឹកលោក Prigozhin បានធ្លាក់ក្នុងប្រទេសរុស្ស៊ី នេះបើយោងតាមសារព័ត៌មានសេតវិមាន។
លោក បៃដិន បានឲ្យដឹងនៅពេលសួរអំពីការធ្លាក់យន្តហោះនេះថា “ខ្ញុំមិនដឹងការពិតថាមានអ្វីកើតឡើងទេ ប៉ុន្តែខ្ញុំមិនភ្ញាក់ផ្អើលនោះទេ”។ ប្រធានាធិបតី ដែលស្នាក់នៅក្នុងរដ្ឋ Nevada ពេញមួយថ្ងៃដោយគ្មានព្រឹត្តិការណ៍សាធារណៈដែលបានគ្រោងទុករូបនេះ បានលើកឡើងថា លោកកំពុងធ្វើលំហាត់ប្រាណនៅពេលត្រូវបានគេប្រាប់អំពីព័ត៌មាននេះ៕ ប្រែសម្រួល ឈូក បូរ៉ា