ព័ត៌មានអន្តរជាតិ

អាមេរិក និងជប៉ុន គ្រោងបញ្ចប់ការរៀបចំ អភិវឌ្ឍន៍មីស៊ីលប្រភេទថ្មី នៅឆ្នាំ២០២៤

ប្រភព ៖AFP

វ៉ាស៊ីនតោន ៖ មន្ត្រីក្រសួងការពារជាតិ បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក និងជប៉ុនកំពុងធ្វើការ ដើម្បីបញ្ចប់ការ រៀបចំជាផ្លូវការមួយ នៅឆ្នាំក្រោយ ដើម្បីអភិវឌ្ឍមីស៊ីលប្រភេទថ្មី ដែលមានសមត្ថភាពស្ទាក់ចាប់អាវុធ ល្បឿនលឿនជាងសំឡេង។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក វរសេនីយ៍ទោ Martin Meiners បានឲ្យដឹងថា ព័ត៌មានលម្អិតជាក់លាក់ រួមទាំងការផ្តល់មូលនិធិ និងពេលវេលា នៃការអភិវឌ្ឍន៍ មិនទាន់ត្រូវបានកំណត់នៅឡើយ ។

ការកត់សម្គាល់ របស់លោក បានធ្វើឡើងបន្ទាប់ពីមេដឹកនាំ នៃប្រទេសទាំងពីរបានយល់ព្រមលើ ការអភិវឌ្ឍន៍រួមគ្នាកាលពីថ្ងៃសុក្រ នៅពេលដែលពួកគេ បានជួបគ្នា នៅមុនកិច្ចប្រជុំកំពូលត្រីភាគីជាមួយសមភាគីកូរ៉េខាងត្បូងរបស់ពួកគេនៅឯជំរុំ Camp David ក្បែរទីក្រុងវ៉ាស៊ីនតោន។

កិច្ចព្រមព្រៀងរវាងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីអាមេរិកលោក ចញ បៃដិន ត្រូវបានឈានដល់នៅពេលដែលប្រទេសចិន កូរ៉េខាងជើង និងរុស្ស៊ីកំពុងស្វែងរកយ៉ាងខ្លាំងក្លា នូវសមត្ថភាពលឿនជាងសំឡេង។

មីស៊ីលលឿនជាងសំឡេង និងយានជំនិះហោះក្នុងល្បឿនលើសពី Mach 5 ដែលល្បឿនលឿនេជាងសំឡេង ៥ដង ហើយក៏​អាច​បត់បែន​បាន និង​អាច​ផ្លាស់ប្តូរ​ផ្លូវ​ក្នុងអំឡុងពេល​ហោះហើរ ដែល​ធ្វើឱ្យ​វាពិបាក​ក្នុងការ​បាញ់​ទម្លាក់ ឬ​តាមដាន​ដោយ​រ៉ាដា។

យោងតាមក្រសួងការពារជាតិជប៉ុន ប្រទេសទាំងពីរនឹងមានបំណងបញ្ចប់ការអភិវឌ្ឍន៍មីស៊ីលនៅត្រឹមឆ្នាំ២០៣០៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top