ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បង្ហាញអាវុធសម័យរ៉ូម៉ាំង ដែលរកឃើញក្នុងរូងភ្នំ នៅតំបន់វាលខ្សាច់

រូបភាពពី៖​ VOA

អ៊ីស្រាអែល៖ យោងតាមការចេញផ្សាយពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា អ្នកបុរាណវត្ថុវិទូជនជាតិអ៊ីស្រាអែលកាលពីថ្ងៃពុធបានបង្ហាញដាវសម័យរ៉ូម៉ាំងចំនួន ៤ និងស្នរមួយដើមត្រូវបានរកឃើញក្នុងរូងភ្នំមួយនៅវាលខ្សាច់ Judean ជាកន្លែងដែលពួកគេត្រូវបានរក្សាទុកជិត ១៩០០ ឆ្នាំមកហើយ។

អ្នកបុរាណវត្ថុវិទូបាននិយាយថា អាវុធបុរាណត្រូវបានគេជឿថា ត្រូវបានប្រើប្រាស់ក្នុងកំឡុងការបះបោរ Bar Kokhba របស់ជនជាតិយូដាប្រឆាំងនឹងពួករ៉ូមក្នុងសតវត្សទី ២ ។ លោក Eitan Klein នាយកអាជ្ញាធរវត្ថុបុរាណរបស់អ៊ីស្រាអែល បានប្រាប់អ្នកសារព័ត៌មានក្នុងព្រឹត្តិការណ៍បង្ហាញអាវុធថា វាជាការរកឃើញដ៏ពិសេស និងសំខាន់ដែលមិនធ្លាប់មានពីមុនមកក្នុងប្រទេសអ៊ីស្រាអែល។

យើងសន្មត់ថា ពួកឧទ្ទាមជ្វីហ្វបានយកអាវុធជាចោរពីអង្គភាពរ៉ូម៉ាំង ឬពួកគេត្រូវបានគេប្រមូលនៅក្នុងសមរភូមិ ហើយពួកគេត្រូវបានលាក់ក្នុងរូងភ្នំសម្រាប់ទុកជាឃ្លាំងដាវសម្រាប់ប្រើប្រាស់ ឬប្រើឡើងវិញក្នុងការប្រយុទ្ធនាពេលអនាគត។ អាវុធនេះត្រូវបានគេរកឃើញកាលពីខែមិថុនា ដោយបានបង្កប់យ៉ាងជ្រៅនៅពីក្រោយជញ្ជាំងនៃថ្មម៉ាប និងរក្សាទុកនៅក្នុងឈើ និងស្បែក។

ដោយមិនបានបញ្ជាក់ពីទីតាំងដោយខ្លាចមានការលួចប្លន់ លោក Klein បានបន្តថា ការរកឃើញនេះត្រូវបានធ្វើឡើងនៅលើទឹកដីអ៊ីស្រាអែល ក្នុងតំបន់ជិតតំបន់បម្រុងធម្មជាតិ Ein Gedi។ ចំណែកលោក Guy Stiebel សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Tel Aviv មានជំនាញខាងចក្រភពរ៉ូមបាននិយាយថា យើងទើបតែចាប់ផ្តើមយល់ពីអ្វីទាំងនេះ ។ វាមិនមែនគ្រាន់តែអំពីសាសន៍យូដាទេ ក៏មានពួករ៉ូម និងចក្រភពរ៉ូមទាំងមូល៕ ដោយ៖លី ភីលីព

Most Popular

To Top