បរទេស៖ កាសែត Washington Post បានរាយការណ៍ថា នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk បាននិយាយជាមួយ ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov មុនពេលធ្វើការ សម្រេចចិត្តបិទ សេវាអ៊ីនធឺណិត ផ្កាយរណប Starlink នៅតំបន់ Crimea នៅចុងខែកញ្ញានេះ ដើម្បីរារាំងការ វាយប្រហារ របស់អ៊ុយក្រែន លើឧបទ្វីបនេះ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ កាសែត Washington Post បានផ្សាយព័ត៌មានលម្អិតបន្ថែមអំពីអ្វីដែលលោក Musk កាត់បន្ថយការគ្របដណ្តប់របស់ផ្កាយរណប Starlink ដើម្បីការពារការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែនលើមូលដ្ឋានកងនាវាចរ សមុទ្រខ្មៅរបស់រុស្ស៊ីនៅទីក្រុង Sevastopol ។ ព្រឹត្តិការណ៍ដែលបានកើតឡើងត្រូវបានរៀបរាប់ ក្នុងជីវប្រវត្តិរបស់មហាសេដ្ឋី បច្ចេកវិទ្យាដោយប្រវត្តិវិទូ Walter Isaacson ដែលនឹងត្រូវដាក់បង្ហាញនៅសប្តាហ៍ក្រោយ។
លោក Isaacson បាននិយាយនៅក្នុងសៀវភៅរបស់លោកថា ជាមួយនឹងកងកម្លាំងរបស់ទីក្រុងគៀវ បានត្រៀមខ្លួនរួចជាស្រេចដើម្បីបើកការវាយប្រហាររបស់ពួកគេ, លោក Musk បាននិយាយជាមួយលោក Antonov ដែលបានប្រាប់ថា ការវាយប្រហារ លើតំបន់ Crimea ដែលបានក្លាយជាផ្នែក នៃប្រទេស រុស្ស៊ីបន្ទាប់ពីការ ធ្វើប្រជាមតិនៅក្នុងឆ្នាំ ២០១៤ “អាចនាំឱ្យមានការឆ្លើយតប ដោយនុយក្លេអ៊ែរ” ដោយទីក្រុងម៉ូស្គូ។
យោងតាម Isaacson លោក Musk បានសន្និដ្ឋានថា “ការអនុញ្ញាត ឱ្យប្រើប្រាស់ ផ្កាយរណប Starlink សម្រាប់ការ វាយប្រហារ… អាចជាគ្រោះមហន្តរាយសម្រាប់ពិភពលោក” ។ ដូច្នេះលោកបានយកបញ្ហាទៅក្នុងដៃរបស់លោក ហើយបាន ណែនាំដោយ សម្ងាត់ដល់វិស្វករឱ្យបិទការគ្រប ដណ្តប់ការប្រើប្រាស់ ក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រតំបន់ Crimean ។ ជាលទ្ធផល នៃការផ្លាស់ប្តូរនេះ យន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនចំនួន៦គ្រឿង ដែលពឹងផ្អែកលើផ្កាយរណប Starlink សម្រាប់ការរុករកគោលដៅ “បានបាត់បង់ការតភ្ជាប់ ៕
ប្រែសម្រួលៈ ណៃ តុលា