បច្ចេកវិទ្យា

មកដឹងពីការប្រើប្រាស់​​ចង្កៀង និងអំពូល​ ដែល​បំពាក់​លើរថយន្ត

មុនចេញដំណើរម្តងៗ អ្នកបើកបររថយន្ត ត្រូវតែពិនិត្យ​នូវ​ផ្នែក​សំខាន់ៗរបស់​រថយន្ត ដើម្បីឱ្យការធ្វើដំណើរប្រកបដោយ​សុវត្ថិភាព​ ក្នុងនោះ​គឺត្រូវ​ធានាថា ចង្កៀង​មុខ​របស់​រថយន្ត​គឺមិនដាច់ ឬខូចនោះទេ ព្រោះ​វាមាន​សារៈសំខាន់​បំផុត​នៅពេល​បើកបរពេលយប់ ពោលគឺ​វាហាក់​ដូចភ្នែក​មនុស្សយើងអ៊ីចឹង។

ក្រៅពី​ចង្កៀង​មុខក្រោយ​ រថយន្តក៏ត្រូវ​បាន​បំពាក់នូវ​អំពូល​ផ្សេងៗទៀត ដើម្បី​បង្កើន​សុវត្ថិភាព ងាយស្រួលដល់ការបើកបរ​ក្នុងស្ថានភាព​អាកាសធាតុផ្សេងៗ។ មិនតែ​ប៉ុណ្ណោះ ការបំពាក់អំពូល​ច្រើន​ប្រភេទបែបនេះ ក៏ជាចំណុចសក្តានុពល​ឈានមុខគេ​ ក្នុងការ​ទាក់ទាញ​អ្នកប្រើប្រាស់ ដើម្បី​យកឈ្នះ​លើគូប្រជែង។

តោះមកដឹងពី​មុខងារ​សំខាន់ៗ​របស់ពួកវាដូចខាងក្រោម៖

ចង្កៀងមុខ

ចង្កៀង​មុខមានភ្លើង ២ប្រភេទ គឺ​ ហ្វា និង កូត។ មុខងារ​សំខាន់​វា​គឺ​បំភ្លឺផ្លូវ​ក្នុងពេលបើកបរពេល​យប់ ក៏ដូចជាផ្តល់សញ្ញា​ដល់​អ្នកបើកបរបញ្ច្រាស់ទិសគ្នាផងដែរ។ ភ្លើងហ្វា អាចជះពន្លឺបានឆ្ងាយ ងាយស្រួលមើល ប៉ុន្តែវាអាច​ប៉ះពាល់ភ្នែក​អ្នកបើកបរទិស​ផ្ទុយគ្នា ​ឯភ្លើងកូតមិនសូវប៉ះពាល់ទេ តែជះពន្លឺ​បាន​ជិត។

ចង្កៀងក្រោយ

វាជាភ្លើងពណ៌ក្រហមស្រាលជាប់ស្វ័យប្រវត្តិតែម្ដង នៅពេលដែលបើកចង្កៀងមុខ។ ការឲ្យភ្លើងក្រហមស្រាលភ្លឺជាប់នេះ ដើម្បីឲ្យអ្នកបើកបរខាងក្រោយ អាចមើលឃើញថា មាន​រថយន្ត​កំពុងបើកបរនៅខាងមុខស្ថិតនៅចម្ងាយ​ប៉ុនណា​ពីគ្នា។

អំពូលបើកចោលពេលថ្ងៃ (Daytime Running Lights)

​វា​ជាប្រភេទ​អំពូលខ្សែវែង​លម្អរថយន្តបន្ថែម ស្ថិតនៅទាំងផ្នែក​ខាងមុខ និងខាងក្រោយ ដោយ​វាបើកស្វ័យប្រវត្តិមិនថ្ងៃឬយប់។ វាក៏មាន​មុខងារ​សំខាន់ដែរ ក្នុងការ​ឱ្យអ្នកបើកបរដទៃ​បាន​ឃើញ​រឹតតែច្បាស់។

អំពូលកាត់អ័ព្ទ

វាមាន​ទីតាំង​ស្ថិតនៅខាងមុខរថយន្ត​ផ្នែកខាងក្រោម (កាង) ដែល​ប្រើប្រាស់​ចាំបាច់​ក្នុងអំឡុងពេលមានអ័ព្ទ ព្រោះពេលនោះ​ចង្កៀងមុខ​បំភ្លឺ​ផ្លូវមិនបានឃើញ​ច្បាស់​ល្អឡើយ។

ភ្លើងស៊ីញ៉ូ (Signal Lights)

វា​មាន​ចំនួន៤ ដោយ២ ស្ថិតនៅ​ជាប់ចង្កៀងមុខឆ្វេងស្តាំ និង​២ទៀតនៅ​ជាប់​ចង្កៀងក្រោយឆ្វេងស្តាំ។ វាមាន​សារៈសំខាន់បំផុត​ក្នុងការផ្តល់សញ្ញាឱ្យអ្នកបើកបរ​ដទៃ ថាយើងចង់​បត់ឆ្វេង ឬបត់ស្តាំ។

ភ្លើងជាន់ហ្វ្រាំង (Brake Lights)

វាជា​ភ្លើង​ពណ៌ក្រហម​ស្ថិត​នៅ​ចង្កៀងក្រោយ ដែលវានឹងលោតឡើងគ្រប់ពេល​អ្នកបើកបរ​ជាន់ហ្វ្រាំង ដើម្បីឲ្យសញ្ញាទៅអ្នកបើកបរនៅពីក្រោយ ឱ្យប្រុងប្រយ័ត្ន និង​បន្ថយល្បឿន ឬឈប់។

ភ្លើងសុំផ្លូវ

វា​ប្រើប្រាស់ភ្លើងស៊ីញ៉ូទាំងអស់ ឲ្យលោតភ្លឹបភ្លែតក្នុងពេលតែមួយ ដើម្បីសុំឱ្យបើក​ផ្លូវទៅមុនដូចជាក្បួនដង្ហែគណៈប្រតិភូ សង្គ្រោះបន្ទាន់ ឬហែសពជាដើម។ វាក៏ត្រូវបាន​ប្រើប្រាស់​ដើម្បី​ផ្តល់សញ្ញា ក្នុងករណី​ដែលរថយន្ត​មាន​បញ្ហា​ មិនអាចបើក​ទៅមុខបាន ឬមិនបានលឿន។

អំពូលក្នុងកាប៊ីន

ភាគច្រើនវាមានពណ៌លឿងស្រទន់ សម្រាប់បើកបំភ្លឺក្នុងរថយន្តនៅពេលដែលអ្នកបើកបរ ឬអ្នកដំណើរត្រូវការរកមើលអ្វីមួយ ក្នុងស្ថានភាពងងឹត។ យ៉ាងណាមិញ មិនគួរបើកអំពូលនេះចោលទេ ប្រសិនបើមិនចាំបាច់៕

Most Popular

To Top