អាគុយ គឺជាដង្ហើមដ៏សំខាន់បំផុត របស់រថយន្តអគ្គិសនី ហើយវាក៏មានតម្លៃខ្ពស់ ទៅតាមហ្នឹងផងដែរ។ តម្លៃរបស់អាគុយគឺខុសៗគ្នាទៅតាមទំហំថាមពល គ្រឿងបង្គុំ វត្ថុធាតុដើម និងស្ថិរភាពនៃខ្សែចង្វាក់ផ្គត់ផ្គង់ជាដើម។
ជាមួយគ្នានេះ អាគុយក៏ត្រូវបានបំពាក់បច្ចេកវិទ្យាថ្មី ដើម្បីអាចឱ្យវាផ្ទុកភ្លើងបានកាន់តែច្រើន សម្រាប់ការធ្វើដំណើរបានកាន់តែឆ្ងាយ និងមានអាយុកាលប្រើប្រាស់បានយូរ ។
យើងសូមលើកករណីជាក់ស្តែងមួយ គឺអាគុយប្រភេទថ្មីទំហំ ២២៩គីឡូវាត់ម៉ោង ដែលបំពាក់លើរថយន្ត Ram 1500 REV 2025 មានតម្លៃរហូតដល់ជាង ២ម៉ឺន ៥ពាន់ដុល្លារ។ តម្លៃអាគុយនេះ គឺសឹងតែស្មើនឹងរថយន្ត Toyota Prius 2024 ដែលមានតម្លៃចាប់ពីជាង ២ម៉ឺន ៧ពាន់ដុល្លារទៅហើយ ក្នុងទីផ្សារអាមេរិក។
បន្ទាប់មកគឺអាគុយទំហំ ២០០គីឡូវ៉ាត់ម៉ោង ដែលបំពាក់លើរថយន្ត Cadillac Escalade IQ 2025 មានតម្លៃជាង ២ម៉ឺន ២ពាន់ដុល្លារ។ ក្រៅពីនេះ អាគុយទំហំ ១៣៥គីឡូវ៉ាត់ម៉ោង បំពាក់លើរថយន្ត Rivian Amazon Delivery Van 2022 មានតម្លៃជាង ១ម៉ឺន ៣ពាន់ដុល្លារ និងអាគុយទំហំ ១០០គីឡូវ៉ាត់ម៉ោង បំពាក់លើរថយន្ត Tesla Model S 2023 មានតម្លៃជាង ១ម៉ឺន ២ពាន់ដុល្លារ ៕