តូក្យូ ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ក្រុមហ៊ុន Meiji Holdings យក្សរបស់ជប៉ុន បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ខ្លួនបានប្រមូលដបទឹកដោះគោ ចំនួនជាង៤៤,០០០ដប បន្ទាប់ពីការរកឃើញឱសថ ដែលប្រើសម្រាប់ការពារ ជំងឺសត្វគោ នៅក្នុងផលិតផលនេះ ។
ផលិតផលដែលរងផលប៉ះពាល់ គឺជាទឹកដោះគោដបចំណុះ ១៨០មីលីលីត្រដែលមានស្លាក “Meiji Milk” ផលិតនៅរោងចក្រក្នុងទីក្រុង Kaizuka ទីក្រុង Osaka ដែលដំណើរការ ដោយក្រុមហ៊ុនអាហារធំ Meiji ។
ការប្រមូលមកវិញ ដែលជាបទបញ្ជា ដោយអាជ្ញាធរខេត្ត Osaka បន្ទាប់ពីការត្រួតពិនិត្យជាប្រចាំដែលធ្វើឡើងដោយក្រសួងសុខាភិបាលកាលពីសប្តាហ៍មុន ពាក់ព័ន្ធនឹងដបសរុបចំនួន៤៤.៥៧៧ ជាមួយនឹងកាលបរិច្ឆេទ ផុតកំណត់នៅថ្ងៃទី១៣ ខែវិច្ឆិកា ។
សមាសធាតុដែលបានរកឃើញ ដែលជាប្រភេទសារធាតុគីមីប្រឆាំង នឹងបាក់តេរីហៅថា sulfamonomethoxine ត្រូវបានគេជឿថា មិនមានផលប៉ះពាល់ដល់សុខភាព ហើយមិនមានរបាយការណ៍អំពីបញ្ហាសុខភាព ទាក់ទងនឹងការទទួលទានទឹកដោះគោ ដែលរងផលប៉ះពាល់នោះទេ ។
ក្រុមហ៊ុន Meiji បានឲ្យដឹងនៅលើគេហទំព័ររបស់ខ្លួនថា ការសងប្រាក់វិញសម្រាប់ផលិតផល ដែលរងផលប៉ះពាល់នឹងត្រូវបានផ្តល់ជូនដល់អតិថិជន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា