បច្ចេកវិទ្យា

Apple អំពាវនាវ ឲ្យមានទំនាក់ទំនង ផ្នែកប្រព័ន្ធឆ្លាតវៃ ជាមួយក្រុមហ៊ុន ផលិតក្នុងស្រុក

AFP

ចិន ៖ នាយកប្រតិបត្តិជាន់ខ្ពស់មួយ រូបបាននិយាយថា ក្រុមហ៊ុន Apple Inc កំពុងពង្រឹង កិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន ផ្គត់ផ្គង់របស់ប្រទេសចិន ក្នុងផ្នែកផលិតភាពឆ្លាតវៃ ខណៈក្រុមហ៊ុនក្នុងស្រុក ពង្រឹងផ្នែកបច្ចេកវិទ្យា របស់ពួកគេ និងអភិវឌ្ឍឧបករណ៍ និងដំណោះស្រាយស្វ័យប្រវត្តិកម្មកម្រិតខ្ពស់ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

លោកស្រី Isabel Ge Mahe អនុប្រធាន និងជានាយកគ្រប់គ្រង ក្រុមហ៊ុន Apple Greater China បានប្រាប់កាសែត ឆៃណាឌៀលី នៅខាងក្រៅពិព័រណ៍ ខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិចិន កំពុងដំណើរការនៅទីក្រុងប៉េកាំងថា អ្នកផ្គត់ផ្គង់ចិន បានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយក្លាយជាផ្នែកមួយ មិនអាចខ្វះបាន និងជាពិសេសនៃខ្សែសង្វាក់ផ្គត់ផ្គង់ របស់យើងក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនផ្គត់ផ្គង់ធំៗចំនួន ១៥១ នៃក្រុមហ៊ុន Apple ចំនួន ២០០ រួមទាំងក្រុមហ៊ុនបរទេស និងប្រទេសចិន មានវត្តមានផលិតកម្ម ក្នុងប្រទេសចិន ។

លោកស្រី បានបន្តថា អ្នកផ្គត់ផ្គង់របស់ចិន គឺជាក្រុមហ៊ុនឈានមុខគេក្នុងពិភពលោក ក្នុងបច្ចេកវិទ្យារបស់ពួកគេ ដោយបន្ថែមថា Apple សប្បាយចិត្ត និងមានឆន្ទៈក្នុងការជួយប្រទេសនេះ ឲ្យផ្លាស់ប្តូរទៅរកការផលិតដ៏ឆ្លាតវៃ ។ លោកស្រីបានបន្ថែមថា និន្នាការនៃការធ្វើ មូលដ្ឋានីយកម្ម នៃឧបករណ៍ផលិតឆ្លាតវៃ ជាក់ស្តែងក្នុងកិច្ចសហប្រតិបត្តិការ ជាច្រើនទសវត្សរ៍កន្លងមក រវាងក្រុមហ៊ុន Apple និងអ្នកផ្គត់ផ្គង់ចិន ។

មានកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងវិស្វកររបស់ក្រុមហ៊ុន Apple និងវិស្វករខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងការផលិតឆ្លាតវៃ។ Apple បាននិយាយថា វិស្វករ Apple នាំយកបច្ចេកវិទ្យាថ្មីៗ ដូចជា បញ្ញា សិប្បនិមិត្ត និងការរៀនម៉ាស៊ីនទៅកាន់ខ្សែ សង្វាក់ផលិតកម្ម ព្រមទាំងសម្ភារៈ និងដំណើរការផលិតចុងក្រោយបំផុត មួយចំនួនទៅកាន់ខ្សែសង្វាក់ផ្គត់ផ្គង់ ដែលជួយវាឆ្ពោះទៅរកការផលិតដ៏ឆ្លាតវៃ ។

លោកស្រីបានអះអាងថា កាលពីមុន ឧបករណ៍ផលិតឆ្លាតវៃនៅក្នុងខ្សែ សង្វាក់ផ្គត់ផ្គង់របស់ Apple ភាគច្រើនមកពីក្រុមហ៊ុនមិនមែនចិន ប៉ុន្តែឥឡូវនេះ ឧបករណ៍ដែលមានដើមកំណើតក្នុងស្រុកបានក្លាយជារឿងធម្មតា ទៅហើយ ។ លោក Iris Cui អនុប្រធានផ្នែកលទ្ធកម្ម និងប្រតិបត្តិការប្រចាំអាស៊ីនៅ Apple បាននិយាយថា ការផ្លាស់ប្តូរ នៃការផលិតដ៏ឆ្លាតវៃនេះ ត្រូវបានឆ្លុះបញ្ចាំងជាចម្បងក្នុងទិដ្ឋភាពបីគឺ ទេពកោសល្យ បច្ចេកវិទ្យា និងឧបករណ៍ ៕
ដោយ៖លី ភីលីព

Most Popular

To Top