បរទេស ៖ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិន ទំនងជាមិនពិចារណា លើការលុកលុយដ៏ធំមកលើកោះតៃវ៉ាន់ សម្រាប់ពេលនេះ នោះទេ ដោយសារតែបញ្ហា ប្រឈមក្នុងស្រុក។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកស្រី Tsai បានប្រាប់នៅក្នុងកិច្ចប្រជុំកំពូល DealBook ឆ្នាំ ២០២៣ នៅទីក្រុងញូវយ៉កថា “ខ្ញុំគិតថា ភាពជាអ្នកដឹកនាំរបស់ចិន នៅចំនុចប្រសព្វនេះ ត្រូវបានគ្របដណ្ដប់ ដោយបញ្ហាប្រឈមផ្ទៃក្នុង របស់ខ្លួន”។
លោកស្រីបានបន្ថែមក្នុងបទសម្ភាស ដែលបានកត់ត្រាថា «ការគិតរបស់ខ្ញុំ គឺប្រហែលជានេះមិនមែន ជាពេលវេលាសម្រាប់ពួកគេ (ចិន) ដើម្បីពិចារណាលើការលុកលុយដ៏ធំមួយមកលើតៃវ៉ាន់នោះទេ» ។
លោកស្រី Tsai បានឆ្លើយតបទៅនឹងសំណួរអំពីហានិភ័យ នៃការលុកលុយ បន្ទាប់ពីកិច្ចប្រជុំដែលបានឃ្លាំមើល យ៉ាងជិតស្និទ្ធរវាងប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានាធិបតីចិន លោក Xi Jinping នៅរដ្ឋកាលីហ្វ័រញ៉ាក្នុងខែនេះ ។
កិច្ចពិភាក្សារបស់មេដឹកនាំនៅខាងក្រៅ កិច្ចប្រជុំកំពូលកិច្ច សហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក គឺមានគោលបំណង ការពារភាពតានតឹង ដែលកំពុងកើនឡើង ពីការរីករាលដាលទៅជាជម្លោះ ។
ប៉ុន្តែលោក Xi និងលោក Biden នៅតែមានគម្លាតគ្នានៅលើចំណុចភ្លឺ នៃកោះតៃវ៉ាន់ ដោយមេដឹកនាំចិន បានប្រាប់សមភាគីសហរដ្ឋអាមេរិកថា ការបង្រួបបង្រួមឡើងវិញគឺ “មិនអាចបញ្ឈប់បាន” ។
ចិនចាត់ទុកកោះតៃវ៉ាន់ ប្រជាធិបតេយ្យថាជាទឹកដីរបស់ខ្លួន ដោយនឹងត្រូវចាប់យកត្រឹមតែ មួយថ្ងៃដោយកម្លាំង ប្រសិនបើចាំបាច់។
លោកស្រី Tsai បាននិយាយទៀតថា ទោះជាយ៉ាងណាសម្រាប់ពេលនេះ ក្រុងប៉េកាំងកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងនយោបាយក្នុងស្រុក ៕
ប្រែសម្រួលៈ ណៃ តុលា