តូក្យូ៖ យន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិក បានធ្លាក់ចូលទៅក្នុងសមុទ្រលឿង ពីប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់ ជាប្រចាំ ហើយអាកាសយានិកត្រូវបានជួយសង្គ្រោះដោយអាជ្ញាធរដែនសមុទ្រកូរ៉េខាងត្បូង បន្ទាប់ពីបានចុចកៅអីសង្គ្រោះចេញពីយន្តហោះ នេះបើយោងតាមកងទ័ពអាកាសសហរដ្ឋអាមេរិក។
កងទ័ពអាកាសអាមេរិកបានឲ្យដឹងថា យន្តហោះដែលត្រូវបានចាត់តាំងឱ្យទៅកងយន្តហោះចម្បាំងទី៨ បានចាកចេញពីមូលដ្ឋានទ័ពអាកាស Kunsan ស្ថិតនៅក្នុងទីក្រុងហ្គុនសាន ភាគខាងត្បូងនៃទីក្រុងសេអ៊ូល ហើយបានជួបប្រទះ “ភាពអាសន្នក្នុងជើងហោះហើរ” នៅម៉ោងប្រហែលជិត ៩ព្រឹក មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រ។
ប្រភពបានឲ្យដឹងថា អ្នកបើកយន្តហោះ “ភ្ញាក់ដឹងខ្លួនហើយស្ថិតក្នុងស្ថានភាពធម្មតា” ហើយ “ត្រូវបានបញ្ជូនមកវិញ” ទៅកាន់មូលដ្ឋាន ហើយបានបន្ថែមថា ទាំងឈ្មោះរបស់អ្នកបើកយន្តហោះ ឬព័ត៌មានលម្អិតបន្ថែមទាក់ទងនឹងស្ថានភាពរបស់រូបគេនឹងត្រូវបានផ្តល់ឱ្យ។
វរសេនីយ៍ឯក Matthew C. Gaetke មេបញ្ជាការកងយន្តហោះចម្បាំងទី៨ ត្រូវបានដកស្រង់សម្តីដោយថាពួកគេ “ដឹងគុណ ចំពោះការសង្គ្រោះដោយសុវត្ថិភាពរបស់អាកាសយានិករបស់យើង ដោយសម្ព័ន្ធមិត្តកូរ៉េខាងត្បូងរបស់យើង ហើយថាអ្នកបើកយន្តហោះស្ថិតក្នុងស្ថានភាពល្អ”។
គួរបញ្ជាក់ផងដែរថា យន្តហោះ Osprey របស់កងទ័ពអាកាសអាមេរិក បានធ្លាក់នៅភាគនិរតីប្រទេសជប៉ុន អំឡុងពេលធ្វើសមយុទ្ធកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះទាំង ៨នាក់៕ ប្រែសម្រួល ឈូក បូរ៉ា