តូក្យូ៖ ថ្មីៗនេះ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នា ដើម្បីចាប់ផ្តើមការស្រាវជ្រាវរួមគ្នា លើការស៊ើបការណ៍បញ្ញា សិប្បនិម្មិតក្នុងក្តីសង្ឃឹម នៃការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់យន្តហោះដ្រូន ដែលនឹងធ្វើការរួមគ្នាជាមួយ នឹងយន្តហោះចម្បាំង បន្ទាប់របស់ប្រទេសអាស៊ី។
ប្រទេសជប៉ុន គ្រោងនឹងសហការបង្កើតយន្តហោះចម្បាំង ជំនាន់ក្រោយជាមួយចក្រភពអង់គ្លេស និងអ៊ីតាលីនៅឆ្នាំ២០៣៥ ខណៈដែលសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តសន្តិសុខ ដ៏សំខាន់របស់ប្រទេសជប៉ុន មិនមែនជាផ្នែក នៃគម្រោងយន្តហោះចម្បាំងនោះ ខ្លួនបានព្យាយាមពង្រឹង កិច្ចសហប្រតិបត្តិការការពារជាតិ ជាមួយទីក្រុងតូក្យូ រួមទាំងនៅក្នុងសមត្ថភាពប្រព័ន្ធស្វយ័ត។
គោលបំណងនៃការសិក្សា AI រួមគ្នាគឺដើម្បី “ធ្វើបដិវត្តការប្រយុទ្ធតាមអាកាស ដោយរួមបញ្ចូលគ្នា នូវបញ្ញាសិប្បនិមិត្តទំនើបៗ និងការរៀនម៉ាស៊ីន ជាមួយនឹងយន្តហោះដ្រូនកម្រិតខ្ពស់” កងទ័ពអាកាសសហរដ្ឋអាមេរិកបានឲ្យដឹងនៅ ក្នុងសេចក្តីប្រកាសព័ត៌មាន ដែលបានចេញផ្សាយ កាលពីខែមុននៅលើការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀង ។
ប្រភពបានឲ្យដឹងថា “ប្រព័ន្ធ AI ដែលត្រូវបានបង្កើតឡើងនៅ ក្នុងការស្រាវជ្រាវរួមគ្នានេះ ត្រូវបានគេរំពឹងថានឹងត្រូវបានអនុវត្តចំពោះ UAVs ដែលដំណើរការជាមួយនឹង យន្តហោះចម្បាំងបន្ទាប់របស់ប្រទេសជប៉ុន” ដោយសង្កត់ធ្ងន់ថាកិច្ចសហការនឹងមានប្រយោជន៍ សម្រាប់ការរក្សា “គុណសម្បត្តិបច្ចេកវិទ្យា” នៃសម្ព័ន្ធភាពជប៉ុន-សហរដ្ឋអាមេរិក ៕
ប្រែសម្រួល ឈូក បូរ៉ា