ប្រភពស្និទ្ធនឹងក្លឹប PSG បានឲ្យដឹងថា ក្លឹបមិនមានចេតនា ក្នុងការបន្តការចរចាទៀតទេ ជាមួយខ្សែប្រយុទ្ធ Kylian Mbappe ព្រោះកីឡាករបានសម្រេចចិត្តចាកចេញ ពីក្លឹបទៅហើយនៅ ពេលចប់រដូវកាលនេះ។
ជាង ២ ឆ្នាំកន្លងមកនេះ ជាពិសេសប៉ុន្មានខែចុងក្រោយនេះ ក្លឹប PSG បានខិតខំគ្រប់បែបយ៉ាងដើម្បីបញ្ចុះបញ្ចូល Mbappe ឲ្យបន្តរួមរស់ជាមួយក្លឹប តែមិនបានសម្រេច។ កាលពីពេលថ្មីៗនេះ Mbappe បានបញ្ជាក់ច្បាស់ថាចង់ចេញពីក្លឹបនាពេលចប់រដូវកាលនេះ ។
យ៉ាងនេះក្ដី មានការលេចឡើងនូវពាក្យចចាមអារ៉ាមមួយចំនួនថា បើទោះជា Mbappe បដិសេធក្ដី PSG នៅតែរិះរកវិធីចង់ឲ្យកីឡាករបារាំងវ័យ ២៥ ឆ្នាំរូបនេះលេងនៅក្លឹបបន្តទៀត។ សារព័ត៌មានខ្លះហ៊ានទាំងអះអាងថា PSG បានពឹងពាក់ដល់ទៅស្ដេចកាតា ដើម្បីមានព្រះរាជបន្ទូលបញ្ចុះបញ្ចូលផ្ទាល់ជាមួយ Mbappe។ សូមបញ្ជាក់ថា ម្ចាស់របស់ក្លឹប PSG គឺក្រុមហ៊ុន Qatar Sports Investments ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនរដ្ឋធំមួយរបស់ប្រទេសកាតា។
ទោះជាយ៉ាងណា ប្រភពស្និទ្ធនឹងក្លឹប PSG បដិសេធនឹងពាក្យចចាមអារ៉ាមមួយនេះ ហើយលើកឡើងថាក្លឹបបានទទួលស្គាល់ហើយថា Mbappe នឹងចាកចេញពីក្លឹប ហើយមិនមានការចរចាអ្វីបន្តទៀតឡើយ។
របាយការណ៍ចុងក្រោយបានលើកឡើង Mbappe កំពុងចរចាចូលរួមជាមួយ Real Madrid ពេលចេញពី Real Madrid។
Mbappe បានចូលរួមជាមួយ PSG តាំងពីឆ្នាំ ២០១៧ មក។ គិតមកទល់ពេលនេះ កីឡាករលេងសរុប ២៩២ ប្រកួត និងស៊ុតចូល ២៤៤ គ្រាប់៕