ញូវយ៉ក ៖ ក្រុមហ៊ុនផលិតហ្គេមយក្ស Sony នឹងកាត់បន្ថយបុគ្គលិកប្រហែល ៩០០នាក់ សម្រាប់ផ្នែក PlayStation របស់ខ្លួន ឬប្រហែល ៨ ភាគរយ នៃកម្លាំងពលកម្មទូទាំងពិភពលោក របស់ខ្លួន ដោយក្លាយជាក្រុមហ៊ុន ចុងក្រោយគេក្នុងវិស័យបច្ចេកវិទ្យា និងហ្គេមដើម្បីប្រកាសពីការ បញ្ឈប់ការងារ ។
ក្រុមហ៊ុន Sony បានលើកឡើងពីការផ្លាស់ប្តូរ ក្នុងឧស្សាហកម្មនេះថា ជាហេតុផលសម្រាប់ការរៀបចំរចនាសម្ព័ន្ធឡើងវិញ ។ លោក Jim Ryan នាយកប្រតិបត្តិក្រុមហ៊ុន Sony Interactive Entertainment បាននិយាយនៅក្នុងប្លុកមួយ កាលពីថ្ងៃអង្គារថា ឧស្សាហកម្មបានផ្លាស់ប្តូរយ៉ាងខ្លាំង ហើយយើងត្រូវតែត្រៀមខ្លួន សម្រាប់ខ្លួនយើង នាពេលអនាគត ដើម្បីរៀបចំអាជីវកម្ម សម្រាប់អ្វីដែលនៅខាងមុខ ។
យើងត្រូវតែផ្តល់ នូវការរំពឹង ទុករបស់អ្នកអភិវឌ្ឍន៍ និងអ្នកលេងហ្គេម ហើយបន្តជំរុញបច្ចេកវិទ្យា នាពេលអនាគតក្នុងការលេងហ្គេម ដូច្នេះយើងបាន បោះជំហាន ថយក្រោយដើម្បីធានាថា យើងត្រូវបានបង្កើតឡើង ដើម្បីបន្តនាំយកបទពិសោធន៍ លេងហ្គេមដ៏ល្អបំផុត ទៅកាន់សហគមន៍ ។
ការបញ្ឈប់បុគ្គលិកនៅថ្ងៃអង្គារ មកដល់មួយខែ បន្ទាប់ពីក្រុមហ៊ុន Microsoft បាននិយាយថា ខ្លួននឹងកាត់បន្ថយ បុគ្គលិកជិត២០០០នាក់ បន្ទាប់ពីការទិញយកក្រុមហ៊ុន Activision Blizzard ខណៈ Riot Games ជាអ្នកបង្កើតហ្គេមប្រយុទ្ធគ្នា ដ៏ពេញនិយម “League of Legends” បាននិយាយកាលពីខែមករាថា ខ្លួនកំពុងបញ្ឈប់បុគ្គលិកចំនួន ១១ភាគរយ ។
ការកាត់បន្ថយបុគ្គលិកនឹងកើតឡើងនៅអាមេរិក ជប៉ុន អឺរ៉ុប មជ្ឈិមបូព៌ា អាហ្វ្រិក និងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅទីក្រុងឡុងដ៍ PlayStation Studio នឹងបិទទាំងស្រុង ហើយការកាត់ក៏នឹងត្រូវបានធ្វើឡើងនៅស្ទូឌីយោ Firesprite ផងដែរ។
ក្រុមហ៊ុនបាននិយាយថា លើសពីនេះ ការកាត់បន្ថយនឹងធ្វើឡើងនៅក្នុងមុខងារផ្សេងៗនៅទូទាំង Sony Interactive Entertainment ចក្រភពអង់គ្លេស។ ប្រាក់បំណាច់នឹងផ្តល់ជូននិយោជិតដែលរងផលប៉ះពាល់។
លោក Ryan បានបន្តថា ទាំងនេះគឺជាពេលវេលាដ៏លំបាក វាមិនបង្ហាញពីការខ្វះខាត នៃភាពរឹងមាំរបស់ក្រុមហ៊ុនរបស់យើង ម៉ាករបស់យើង ឬឧស្សាហកម្មរបស់យើងនោះទេ ។ គោលដៅរបស់យើង គឺរក្សាភាពរហ័សរហួន និងសម្របខ្លួនបាន ហើយបន្តផ្តោតលើការផ្តល់នូវ បទពិសោធន៍លេងហ្គេមដ៏ល្អបំផុតដែលអាចធ្វើទៅបាននាពេលនេះ និងនាពេលអនាគត ៕
ដោយ៖លី ភីលីព