មានរថយន្តមួយទុកគ្រាន់ ធ្វើដំណើរទៅកន្លែងនានា ដោយមិនបារម្ភរឿងត្រូវថ្ងៃ ត្រូវភ្លៀង តែមានចំណុចមួយ ដែលធ្វើឱ្យមាន អារម្មណ៍មិនល្អ គឺចតរថយន្តក្រោមកម្តៅថ្ងៃ ដោយពេលយើងចូលក្នុងរថយន្តវិញ គឺក្តៅខ្លាំងដូចនៅក្នុងឡអ៊ីចឹង។ ដូច្នេះ នេះជាវិធីចំនួន៦យ៉ាង ខាងក្រោមនេះ ដែលអាចជួយកាត់បន្ថយកម្តៅក្នុងរថយន្តបាន ៖
១. បើកគូថរថយន្តចោល
អ្នកអាចពិចារណា បើគូថក្រោយបាន ដើម្បីឱ្យវាអាចជះឥពន្លឺព្រះអាទិត្យវិញ ដើម្បីជួយកាត់បន្ថយកម្តៅក្នុងរថយន្ត។
២. ចតក្រោមម្លប់ដើមឈើ
អ្នកអាចស្វែងរកការចត ក្រោមម្លប់ដើមឈើណាមួយ បើមើលឃើញថា វាមានសុវត្ថិភាពក្នុងការចត។
៣. ទម្លាក់កញ្ចក់បង្អួច
អ្នកអាចចុចទម្លាក់កញ្ចក់បន្តិច ដើម្បីឱ្យមានខ្យល់ចេញចូលខ្លះ ក៏អាចជួយបញ្ចុះកម្តៅបានមួយភាគផងដែរ និងជួយមិនឱ្យម៉ាស៊ីនត្រជាក់ត្រូវធ្វើការខ្លាំង។
៤. គ្របតាបឡូ ដៃចង្កូត និងពូក
អ្នកក៏អាចយករបាំង ឬក្រណាត់អ្វីក៏បាន ទៅគ្របតាបឡូ ដៃចង្កូត និងកៅអីពូកស្បែកបានផងដែរ។
៥. ដាក់វាំងនន
ពេលចតរថយន្តក្រោមកម្តៅថ្ងៃ កុំភ្លេចដាក់វាំងននរថយន្ត អាចបាំងកញ្ចក់ទាំងចំហៀង មុខ និងក្រោយ គឺកាន់តែប្រសើរក្នុងការទប់កម្តៅ។
៦. គ្របរថយន្តទាំងមូល
បើរកកន្លែងជ្រក សម្រាប់ចតរថយន្តមិនបាន គឺនៅមានជម្រើសមួយទៀត ពោលគឺអាចគ្របរថយន្តទាំងមូលតែម្តង៕