Event

មិត្តហ្វូន ប្រារព្ធកម្មវិធីសប្បុរសធម៌ ពិនិត្យសុខភាព ផ្តល់ថ្នាំ ដោយឥតគិតថ្លៃ និងចែកអំណោយជាង៦០០នាក់ ក្នុងខេត្តកំពង់ឆ្នាំង

ក្រុមហ៊ុន Viettel Cambodia (មិត្តហ្វូន) បានរៀបចំកម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃ ចែកថ្នាំ និងអំណោយជាង ៦០០នាក់ ដល់អ្នកកំពុងជួបការលំបាកក្នុងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៤។

ការប្រារព្ធកម្មវិធីនេះមានគោលបំណងដើម្បីចូលរួមចែករំលែក និងរួមដំណើរជាមួយរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ និងការពារសុខភាពសហគមន៍។ ក្រុមហ៊ុន មិត្តហ្វូន បានរៀបចំកម្មវិធីដើម្បីផ្តល់សេវាពិនិត្យ ប្រឹក្សាយោបល់ផ្នែកវេជ្ជសាស្រ្ត និងផ្តល់ថ្នាំដោយឥតគិតថ្លៃដល់ប្រជាជនដែលកំពុងរស់នៅ និងធ្វើការក្នុងខេត្តកំពង់ឆ្នាំង ដើម្បី​ព្យាបាល​ជំងឺ​ឱ្យ​បាន​ទាន់​ពេលវេលា និង​លើក​កម្ពស់​សុខភាព​ដល់ប្រជាពលរដ្ឋ។

ក្នុងកម្មវិធីនេះ គ្រូពេទ្យបានធ្វើការពិនិត្យសុខភាព និងផ្តល់ការណែនាំអំពីសុខភាពដល់ប្រជាពលរដ្ឋជាង ៦០០នាក់ ដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំង ។ អាស្រ័យ​លើ​ស្ថានភាព​សុខភាព និង​ជំងឺ​របស់​អ្នក​ចូលរួម ក្រុម​វេជ្ជសាស្រ្ដ​បាន​ចែកចាយ​ថ្នាំ​តាម​កម្រិត​សមស្រប។ សម្រាប់ករណីរ៉ាំរ៉ៃ វេជ្ជបណ្ឌិតបានផ្តល់ដំបូន្មាន និងការណែនាំដើម្បីស្វែងរកសេវាវេជ្ជសាស្ត្រឯកទេសដែលសមស្របក្នុងការព្យាបាល។

នៅក្នុងព្រឹត្តិការណ៍នេះដែរ ថ្នាក់ដឹកនាំក្រុមហ៊ុន មិត្តហ្វូន បានចែកអំណោយជាង៦០០នាក់ ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋដែលកំពុងខ្វះខាត ។

លោក កាវ ម៉ាញ ដឹក (Cao Manh Duc) ចែករំលែកដោយមនោសញ្ចេតនាថា៖ “យើងសង្ឃឹមថាកម្មវិធីថែរក្សាសុខភាព នេះនឹងជួយលើកកម្ពស់សុខុមាលភាព និងចែករំលែកការលំបាកដល់គ្រួសារជាច្រើនដែលកំពុងជួប។ តាងនាមបុគ្គលិកមិត្តហ្វូនទាំងអស់សូមផ្ញើនូវអារម្មណ៍ដ៏កក់ក្តៅ និងជូនពរដល់អ្នកទាំងអស់គ្នា។ យើងសង្ឃឹមថា ការពិនិត្យសុខភាព និងអំណោយតូចៗនឹងលើកទឹកចិត្ត និងជួយដល់ការរស់នៅរបស់ពួកគេបាន១ផ្នែកតូចផងដែរ”។ ​

លោកបន្ថែមថា ជាច្រើនឆ្នាំកន្លងមកនេះ ទន្ទឹមនឹងសកម្មភាពអាជីវកម្ម ក្រុមហ៊ុនមិត្តហ្វូនតែងតែបង្ហាញនូវស្មារតីទទួលខុសត្រូវចំពោះសហគមន៍ រួមដំណើរជាមួយរដ្ឋាភិបាលក្នុងសកម្មភាពមនុស្សធម៌យ៉ាងសកម្ម និងនាំមកនូវគុណតម្លៃវិជ្ជមានជាច្រើនដល់ប្រជាពលរដ្ឋ ជាពិសេសជនងាយរងគ្រោះ និងជនពិការផងដែរ៕

Most Popular

To Top