សេអ៊ូល៖ កូរ៉េខាងជើងបានឲ្យដឹងថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលផ្លោងប្រភេទថ្មី ដែលមានសមត្ថភាពអាចផ្ទុកក្បាលគ្រាប់កម្រិត ៤,៥តោន ហើយបានឲ្យដឹងថា ខ្លួនគ្រោងនឹងធ្វើការសាកល្បងមួយផ្សេងទៀតនៅក្នុងខែនេះ។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ ដែលគ្រប់គ្រងដោយរដ្ឋរបស់កូរ៉េខាងជើង បានដកស្រង់សម្តីរដ្ឋបាលមីស៊ីលរបស់ប្រទេសនេះ ដោយឲ្យដឹងថា ការសាកល្បងកាលពីថ្ងៃចន្ទ បានស្វែងរកការផ្ទៀងផ្ទាត់ស្ថេរភាពនៃការហោះហើររបស់មីស៊ីល ដែលមានក្បាលគ្រាប់ធំ ដែលក្លែងធ្វើដែលមានរយៈចម្ងាយអតិបរមា ៥០០គីឡូម៉ែត្រ និងចម្ងាយអប្បបរមា ៩០គីឡូម៉ែត្រ
របាយការណ៍បានឲ្យដឹងថា មីស៊ីលផ្លោងយុទ្ធសាស្ត្រថ្មី ត្រូវបានគេហៅថា Hwasongpho-11 Da-4.5 នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
យោងតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួនពីរគ្រាប់កាលពីថ្ងៃចន្ទ ក្នុងទិសដៅទៅភាគឦសាន រួមទាំងគ្រាប់មួយ ដែលអាចបរាជ័យ និងធ្លាក់ចូលដី។
ប្រភពបានឲ្យដឹងថា កាំជ្រួចទីមួយបានហោះបានចម្ងាយប្រហែល ៦០០គីឡូម៉ែត្រ ខណៈដែលកាំជ្រួចទីពីរបានបាញ់ប្រហែល ១០នាទីក្រោយមកនៅម៉ោងប្រហែល ៥ និង ១៥នាទីព្រឹក ដោយបានធ្វើដំណើរបានចម្ងាយ ១២០គីឡូម៉ែត្រ។
យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានឱ្យដឹងថា សំណល់នៃគ្រាប់មីស៊ីលទីពីរ ត្រូវបានគេជឿថា បានធ្លាក់នៅជិតរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើង។
កូរ៉េខាងជើងត្រូវបានគេរំពឹងថា នឹងបាញ់សាកល្បងកាំជ្រួចក្នុងរយៈចម្ងាយមធ្យម ២៥០គីឡូម៉ែត្រ ខណៈប្រទេសនេះបង្កើនការគំរាមកំហែងរបស់ខ្លួនប្រឆាំងនឹងកូរ៉េខាងត្បូង៕