បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សហរដ្ឋអាមេរិកបច្ចុបន្នគឺមិនមានប្រធានាធិបតីពិតប្រាកដទេ ហើយក៏មិនមានបែបនេះមួយរយៈមកហើយនេះបើយោងតាមការលើកឡើងដោយ លោក Elon Musk ស្ថាបនិក Tesla និង SpaceX។
លោក Musk បានបង្ហោះនៅលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់គាត់ ដើម្បីពាក់ព័ន្ធទៅនឹងសកម្មភាពនយោបាយដែលកំពុងបន្តបន្ទាប់ពីមានការជជែកដេញដោលរវាងប្រធានាធិបតីអាមេរិក Joe Biden និងអតីតមេដឹកនាំ Donald Trumpនាពេលប៉ុន្មានថ្ងៃមុនកន្លងមកនេះ ។
ទោះបីជាយ៉ាងណាក្តីគេសង្កេតឃើញថាគាត់បានបង្ហោះសារឡើងវិញដោយសារតែគាត់ចង់ឆ្លើយតបទៅនឹងអ្នកប្រើប្រាស់ម្នាក់ទៀត ជាមួយនឹងរូបថតអេក្រង់នៃមតិយោបល់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់កាសែត New York Times ដែលមានចំណងជើងថា តើអាមេរិកត្រូវការប្រធានាធិបតីទេ?
គួរឲ្យដឹងដែរថាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២៤នេះហើយខណៈដែលបេក្ខភាពនាំមុខគេទាំងពីរនៅពេលនេះគឺលោកប្រធានាធិបតីអាមេរិក Joe Biden និងអតីតប្រធានាធិបតីលោក Donald Trump៕ ប្រែសម្រួល៖ស៊ុនលី
