អាមេរិក៖ក្រុមហ៊ុន Microsoft បានការពារសំណើ របស់ខ្លួនសម្រាប់បុគ្គលិក ទាំងអស់នៅប្រទេសចិនដី គោកឲ្យប្រើ iPhone នៅកន្លែងធ្វើការ ដោយនិយាយថា iPhone ជាឧបករណ៍ចាំបាច់ណាស់ ដោយសារតែគ្មានការផ្តល់សេវាកម្ម Android របស់ Google នៅទីនោះ ហើយការសម្រេចចិត្តនេះបានបង្កឲ្យមានការរំពឹងទុកអំពីចេតនារបស់ក្រុមហ៊ុន។
ក្រុមហ៊ុនបន្តថា នេះជាផ្នែកមួយនៃគំនិតផ្តួចផ្តើមសុវត្ថិភាពតាមអ៊ីនធើណេតជាសាកលរបស់ខ្លួន ដើម្បីទប់ទល់នឹងពួក Hacker ទូទាំងពិភពលោក ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកបានចាប់ផ្តើមតម្រូវឲ្យបុគ្គលិកទាំងអស់ក្នុងប្រទេសចិនដីគោកផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ពួកគេតាមរយៈកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ Microsoft Authenticator និងកម្មវិធី Identity Pass មាននៅលើ App Store របស់ Apple និង Google Play ប៉ុណ្ណោះ។
អ្នកតំណាងក្រុមហ៊ុនបាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុន Microsoft គ្រោងនឹងផ្តល់ជូនឧបករណ៍ iOS របស់ Apple ដល់បុគ្គលិក ដូច្នេះពួកគេអាចចូលប្រើកម្មវិធីទាំងនោះបាន ដោយសារតែកង្វះសេវាកម្ម Google Mobile ក្នុងតំបន់នេះ។
សេវាកម្ម Google Mobile គឺជាបណ្តុំនៃកម្មវិធី Google និងឧបករណ៍ផ្សេងទៀតដូចជា Play, Search, YouTube និង Gmail ត្រូវបានរារាំងនៅប្រទេសចិនដីគោក។ បុគ្គលិករបស់ Microsoft នៅប្រទេសដែលបច្ចុប្បន្នកំពុងប្រើទូរស័ព្ទ Android នឹងទទួលបាន iPhone 15 ។
ការផ្លាស់ប្តូរដោយក្រុមហ៊ុន Microsoft បង្ហាញពីបញ្ហាប្រឈមដែលក្រុមហ៊ុន ពហុជាតិជួបប្រទះនៅពេលប្រតិបត្តិការ ក្នុងវិស័យបច្ចេកវិទ្យាសកល ដែលបែងចែករវាងប្រព័ន្ធអាមេរិក និងចិន។
Google បានដកកម្មវិធី Search របស់ខ្លួនចេញពីប្រទេសចិន ដីគោកក្នុងឆ្នាំ ២០១០ បន្ទាប់ពីខ្លួនបដិសេធមិនអនុវត្ត តាមបទប្បញ្ញត្តិត្រួតពិនិត្យក្នុងស្រុក ។ ចាប់តាំងពីពេលនោះមក អ្នកប្រើប្រាស់ឧបករណ៍ Android ក្នុងប្រទេសមិនអាចចូល ប្រើប្រាស់សេវាកម្ម Google ភាគច្រើនបានទេ ដោយពឹងផ្អែក លើជម្រើសក្នុងស្រុក រួមទាំងហាងលក់កម្មវិធី ដែលដំណើរការ ដោយក្រុមហ៊ុនក្នុងស្រុក៕