តៃប៉ិ៖ ព្យុះទីហ្វុង Gaemi បានបោកបក់មកដល់ភាគខាងជើងនៃដែនកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ ដោយបានបណ្តាលឲ្យមនុស្ស២នាក់បាត់បង់ជីវិត បង្កជាគ្រោះទឹកជំនន់ និងបានបោកពន្លិចនាវាដឹកទំនិញចំនួន១គ្រឿងនៅឆ្នេរសមុទ្រ នៅមុនពេលដែលបក់មកភាគខាងលិចឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់ ហើយឆ្ពោះទៅកាន់ប្រទេសចិន ដែលព្យុះនេះត្រូវបានគេរំពឹងថា នឹងបង្កឲ្យមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងបន្ថែមទៀត ។
យោងតាមរដ្ឋបាលអាកាសធាតុកណ្តាលបានឲ្យដឹងថា ព្យុះ Gaemi បានកើតឡើងនៅកណ្តាលអធ្រាត្រនៅឆ្នេរភាគឦសាននៃកោះតៃវ៉ាន់ ក្នុងស្រុក Yilan ។ វាជាព្យុះទីហ្វុងដ៏ខ្លាំងបំផុតដែលបានវាយប្រហារ មកលើដែនកោះមួយនេះក្នុងរយៈពេល៨ឆ្នាំ ហើយបានបង្កជាខ្យល់បក់ខ្លាំងរហូតដល់២២៧ គីឡូម៉ែត្រក្នុង១ម៉ោង នៅមុនពេលចុះខ្សោយអនុភាពវិញ ។
គិតត្រឹមម៉ោង១២និង១៥នាទីយប់ ម៉ោងក្នុងស្រុក ព្យុះ Gaemi ស្ថិតនៅក្នុងច្រកសមុទ្រកោះតៃវ៉ាន់ ហើយធ្វើដំណើរឆ្ពោះទៅតំបន់ Fuzhou ក្នុងខេត្ត Fujian របស់ប្រទេសចិន ។
ព្យុះទីហ្វុង Gaemi នឹងក្លាយជាព្យុះទីហ្វុងដ៏ធំបំផុតដែលវាយលុក តំបន់សមុទ្រភាគខាងកើតរបស់ប្រទេសចិន នៅក្នុងឆ្នាំនេះ ដោយមានរលកពពកវិលជុំវិញភាគ ច្រើននៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងធ្វើឲ្យអាកាសធាតុអាក្រក់បំផុតបក់មកពីហ្វីលីពីនឆ្ពោះទៅកាន់កោះ អូគីណាវ៉ារបស់ប្រទេសជប៉ុន ផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា