គៀវ ៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey បានឲ្យដឹងថា ចក្រភពអង់គ្លេស កំពុងពង្រឹងការគាំទ្រ ផ្នែកយោធារបស់ខ្លួនដល់អ៊ុយក្រែន ជាមួយនឹងកញ្ចប់ជំនួយថ្មីមួយ ដែលរួមមានយន្តហោះដ្រូន របស់កងទ័ពជើងទឹក ប្រព័ន្ធការពារដែនអាកាស និងកាំភ្លើងធំ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ័ត៌មានចិនស៊ិនហួ។
លោក Healey បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Ukrinform របស់រដ្ឋអ៊ុយក្រែនថា ការបណ្តុះបណ្តាលសម្រាប់ទាហានអ៊ុយក្រែនក្រោមប្រតិបត្តិការ Interflex ដែលជាប្រតិបត្តិការយោធាពហុជាតិដឹកនាំដោយចក្រភពអង់គ្លេស នឹងបន្តនៅឆ្នាំ ២០២៥ ដោយមិនគិតពីការវិវត្តនៅក្នុងដំណើរការសន្តិភាពរបស់អ៊ុយក្រែន និងបទឈប់បាញ់ ដែលអាចកើតមាន។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានលើកឡើងថា វាលឿនពេកក្នុងការពិភាក្សា ជាសាធារណៈអំពីលទ្ធភាព នៃការគាំទ្ររបស់អង់គ្លេស សម្រាប់ការដាក់ពង្រាយ កងកម្លាំងរក្សាសន្តិភាពអន្តរជាតិនៅក្នុងអ៊ុយក្រែន។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា លោក Healey បានទៅដល់ទីក្រុងគៀវហើយ នៅព្រឹកថ្ងៃនេះ។
នៅថ្ងៃដដែល រដ្ឋមន្ត្រីការពារជាតិ អ៊ុយក្រែនលោក Rustem Umerov បានសរសេរនៅលើ Facebook ថា លោកបានពិភាក្សាជាមួយលោក Healey អំពីការពង្រឹងការ ការពារដែនអាកាសរបស់អ៊ុយក្រែន ធានាការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំដែលមិនមានការរំខាន និងការរុករកគម្រោង ការពាររួមគ្នា។ លោកបន្ដថា ប្រធានបទសំខាន់មួយគឺការ សហការផលិតប្រព័ន្ធការពារដែន អាកាស ដោយលោកបានបន្ថែមថា ការពិភាក្សាក៏គ្របដណ្តប់លើការប្រើប្រាស់មីស៊ីល Storm Shadow និងការបំពាក់ និងបណ្តុះបណ្តាលកងពលតូចថ្មី នៃកងទ័ពអ៊ុយក្រែនផងដែរ ៕
ប្រែសម្រួល ឈូក បូរ៉ា