ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda និង Nissan លុបចោលផែនការច្របាច់បញ្ចូលគ្នាតម្លៃ ៦០ពាន់លានដុល្លារ

China Daily

ជប៉ុន៖ ក្រុមហ៊ុនផលិតរថយន្តយក្សជប៉ុន Honda និង Nissan Motors បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានលុបចោលការចរចាដើម្បីបញ្ចូលគ្នា និងបង្កើតក្រុមរថយន្តដែលមានតម្លៃ ៦០ ពាន់លានដុល្លារជាផ្លូវការហើយ បន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀងជាមូលដ្ឋាន និងបញ្ចប់ការចរចាជាមួយគ្នា។

ទោះជាយ៉ាងណាក៏ដោយ ពួកគេបានបញ្ជាក់ថា កិច្ចសហការរបស់ពួកគេនឹងបន្ត ក្នុងក្របខណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រ ដែលបានបង្កើតឡើងកាលខែសីហា ឆ្នាំ ២០២៤ ដែលត្រូវបានផ្តោតលើអនាគតនៃភាពវៃឆ្លាតយានយន្ត និងអគ្គិសនី។ បន្ទាប់ពីការប្រកាសនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Nissan បានធ្លាក់ចុះ ០.៣៤ ភាគរយមកនៅត្រឹម ៤១៥ យ៉េន (២.៧ដុល្លារ) ខណៈភាគហ៊ុនរបស់ក្រុមហ៊ុន Honda បានកើនឡើង ២.១៤ ភាគរយដល់ ១,៤៣៤ យ៉េន។

ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ប្រធានក្រុមហ៊ុន Honda លោក Toshihiro Mibe បាននិយាយថា បន្ទាប់ពីការពិចារណាជាច្រើនពីក្រុមហ៊ុនទាំង២ យើងបានសម្រេចចិត្តជាផ្លូវការក្នុងការបញ្ចប់ កិច្ចព្រមព្រៀងជាមូលដ្ឋាន និងបញ្ចប់ការចរចា។ ដូចគ្នានេះដែរ យើងក៏បានសម្រេចចិត្ត បញ្ចប់អនុស្សរណៈនៃការយោគយល់គ្នា ក្នុងចំណោមក្រុមហ៊ុនទាំង៣ រួមទាំងក្រុមហ៊ុន Mitsubishi Motors ដោយមានការយល់ព្រមជាផ្លូវការពី ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនទាំង៣។

នៅខែធ្នូ ឆ្នាំ ២០២៤ ក្រុមហ៊ុន Honda និង Nissan បានប្រកាសថា ពួកគេនឹងចាប់ផ្តើមកិច្ចពិភាក្សាបញ្ចូលគ្នា គោលបំណងសម្រាប់កិច្ចព្រមព្រៀងចុងក្រោយនៅខែមិថុនា ឆ្នាំ ២០២៥។ ដំបូងឡើយ ក្រុមហ៊ុនផលិតរថយន្តទាំង ២ កំពុងពិភាក្សាអំពីសមាហរណកម្ម ក្រោមរចនាសម្ព័ន្ធក្រុមហ៊ុនកាន់កាប់ នៅពេលការពិភាក្សាបានដំណើរការ បន្ទាប់ពីការចុះហត្ថលេខាលើ MOU វាច្បាស់ណាស់ថា ដំណើរការនេះនឹងត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងច្រើន។

លោក Mibe បានបន្តថា ដោយស្វែងរកដំណើរការធ្វើការសម្រេចចិត្តកាន់តែលឿន Honda បានស្នើឲ្យក្រុមហ៊ុន Nissan ក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធ។ ជំនួសឲ្យការបង្កើតក្រុមហ៊ុនភាគហ៊ុនរួមគ្នា យើងបានស្នើឲ្យមានសមាហរណកម្មការគ្រប់គ្រង តាមរយៈការផ្លាស់ប្តូរភាគហ៊ុនយោងតាម ការចេញផ្សាយពីគេហទំព័រ China Daily។ អាទិភាពកំពូលរបស់យើងគឺបង្កើតរចនាសម្ព័ន្ធ អភិបាលកិច្ចបង្រួបបង្រួមយ៉ាងឆាប់រហ័ស ៕

Most Popular

To Top