កាលពីពេលថ្មីៗនេះ ប្រទេសចិន បានធ្វើឱ្យពិភពលោក ភ្ញាក់ផ្អើលជាមួយ នឹងការប្រកាសថា អ្នកវិទ្យាសាស្ត្ររបស់ខ្លួន បានបង្កើតម៉ាស៊ីនយន្តហោះដើរ ដោយប្រេងឥន្ធនៈ ជាលើកដំបូង ដែលអាចហោះបានល្បឿនដល់ទៅ Mach 16 ឬប្រមាណ ២០,០០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ការអភិវឌ្ឍនេះត្រូវបានគេមើលឃើញថា ជាជំហានដ៏ធំមួយ ក្នុងបច្ចេកវិទ្យាអាកាសចរណ៍ និងអាចផ្លាស់ប្តូរវិធី ដែលយើងធ្វើដំណើរលើ អាកាសនាពេលអនាគត ។
អ្នកស្រាវជ្រាវ មកពីបណ្ឌិតសភាវិទ្យាសាស្ត្រចិន (Chinese Academy of Sciences) បានធ្វើការពិសោធន៍ជោគជ័យ នៅក្នុងផ្លូវរូងក្រោមដី JF-12 នៅទីក្រុងប៉េកាំង ។ ផ្លូវរូងនេះត្រូវបានប្រើ ដើម្បីក្លែងធ្វើលក្ខខណ្ឌហោះហើរល្បឿន ខ្ពស់នៅកម្ពស់ជាង ៤០ គីឡូម៉ែត្រ ។ ម៉ាស៊ីននេះប្រើប្រេងឥន្ធនៈ RP-3 ដែលជាប្រភេទប្រេងកាតធម្មតា ដែលប្រើសម្រាប់យន្តហោះ ហើយអាចបង្កើតរលកផ្ទុះបែប oblique detonation ដែលជួយឱ្យវាសម្រេច បានល្បឿនខ្ពស់បំផុត ។
អ្នកវិទ្យាសាស្ត្រ បាននិយាយថា ម៉ាស៊ីននេះអាចប្រើបានទាំងក្នុងយន្តហោះធម្មតា និងអាចអភិវឌ្ឍទៅជាយានអវកាសនាពេលអនាគត។ វាខុសពីម៉ាស៊ីន ហោះល្បឿនលឿនផ្សេងទៀត ដែលត្រូវការប្រេងឥន្ធនៈពិសេស ព្រោះវាអាចដើរដោយ ប្រេងឥន្ធនៈដែលមានស្រាប់ ដែលធ្វើឱ្យវាកាន់តែងាយ ស្រួលប្រើប្រាស់ ។
ការបង្កើតម៉ាស៊ីននេះ បង្ហាញពីសមត្ថភាពរបស់ចិន ក្នុងការឈានមុខគេក្នុងវិស័យបច្ចេកវិទ្យាល្បឿនលឿន។ បើប្រៀបធៀបទៅនឹង យន្តហោះធម្មតាដែលហោះបានត្រឹម Mach 2 ឬ 3 ម៉ាស៊ីននេះអាចកាត់បន្ថយពេលវេលា ធ្វើដំណើរពីមួយទ្វីបទៅមួយទ្វីប ឱ្យនៅសល់តែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ឧទាហរណ៍ ការហោះហើរពីទីក្រុងប៉េកាំង ទៅទីក្រុងញូវយ៉ក ដែលជាធម្មតាចំណាយពេល ១៤ ម៉ោង អាចនឹងត្រូវការពេលតែប្រហែល ១ ម៉ោងប៉ុណ្ណោះ ។
ទោះជាយ៉ាងណា អ្នកជំនាញខ្លះបានលើកឡើងថា បច្ចេកវិទ្យានេះក៏អាចត្រូវបានប្រើក្នុងផ្នែកយោធា ដូចជាការបង្កើតយន្តហោះចម្បាំង ឬមីស៊ីលល្បឿនលឿន ដែលអាចផ្លាស់ប្តូរតុល្យភាពអំណាចក្នុងពិភពលោក។ ប្រទេសផ្សេងទៀត ដូចជាសហរដ្ឋអាមេរិក ក៏កំពុងស្រាវជ្រាវបច្ចេកវិទ្យាស្រដៀងគ្នានេះ ប៉ុន្តែចិនហាក់ដូចជាបានឈានទៅមុខមួយជំហានហើយ។
ទោះបីជាមានជោគជ័យដំបូងនេះ ក៏ម៉ាស៊ីននេះនៅតែត្រូវការការអភិវឌ្ឍបន្ថែមទៀត មុននឹងអាចប្រើប្រាស់ជាក់ស្តែង។ បញ្ហាដូចជា ការគ្រប់គ្រងកម្តៅខ្ពស់ សុវត្ថិភាព និងការចំណាយ នៅតែជាឧបសគ្គធំ ។ អ្នកវិទ្យាសាស្ត្រចិនបាននិយាយថា ពួកគេនឹងបន្តធ្វើតេស្តបន្ថែម ដើម្បីធានាថា ម៉ាស៊ីននេះអាចដំណើរការបានល្អ នៅក្នុងស្ថានភាពពិតប្រាកដ ។
ការរកឃើញនេះបានធ្វើឱ្យមនុស្សជាច្រើនរំភើបអំពីលទ្ធភាព នៃការធ្វើដំណើរលឿនជាងមុន ។ ប្រជាជននៅទីក្រុងប៉េកាំងបាននិយាយថា “វាដូចជាសុបិនមួយ ដែលអាចធ្វើឱ្យពិភពលោកតូចជាងមុន” ។ ប្រសិនបើបច្ចេកវិទ្យានេះទទួលបានជោគជ័យពេញលេញ វានឹងមិនត្រឹមតែផ្លាស់ប្តូរ ការធ្វើដំណើរប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីភាពជឿនលឿនរបស់ចិនក្នុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទៀតផង ។
ប្រភពព័ត៌មានបានចង្អុលបង្ហាញថា នេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ ហើយចិននឹងបន្តរុញច្រានការស្រាវជ្រាវរបស់ខ្លួនឱ្យកាន់តែឆ្ពោះទៅមុខ ដើម្បីរក្សាតំណែងជាអ្នកនាំមុខគេក្នុងវិស័យនេះ៕
