បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត Wall Street Journal បានរាយការណ៍ ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះថា សហរដ្ឋអាមេរិក បានផ្អាកការផ្តល់មូលនិធិ សម្រាប់ការលក់អាវុធថ្មីទាំងឡាយ ទៅដល់អ៊ុយក្រែនហើយ។
នៅក្នុងអត្ថបទមួយកាលពីថ្ងៃចន្ទ ការបោះពុម្ភផ្សាយបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានបញ្ឈប់ការផ្តល់ហិរញ្ញប្បទាន ដល់ការលក់អាវុធថ្មីដល់អ៊ុយក្រែន ហើយកំពុងពិចារណា លើការបង្កកការដឹកជញ្ជូនអាវុធពីឃ្លាំងស្តុក របស់សហរដ្ឋអាមេរិកផងដែរ។
រំលឹកដែរថាការផែនការនេះបានធ្វើឡើងភ្លាមៗបន្ទាប់ពីចូលកាន់តំណែងក្នុងខែមករា លោក Trump បានផ្អាកជំនួយបរទេសទាំងអស់ រួមទាំងជំនួយយោធា លើកលែងតែអ៊ីស្រាអែល និងអេហ្ស៊ីប ដោយរង់ចាំការពិនិត្យឡើងវិញ។
យ៉ាងណាក្តីគេដឹងទៀតដែរថា លោក Trump បានដឹកនាំកិច្ចប្រជុំនៅរសៀលថ្ងៃចន្ទម្សិលមិញ ស្តីពីជម្លោះអ៊ុយក្រែន រួមទាំងការផ្អាកជំនួយយោធាអាមេរិក ដែលអាចកើតមានដើម្បីប្រកាសជាផ្លុវការ ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយដដែល អនុប្រធានាធិបតី J.D. Vance រដ្ឋមន្ត្រីការបរទេសលោក Marco Rubio រដ្ឋមន្ត្រីក្រសួងការពារជាតិ Pete Hegseth ទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតត្រូវបានគេរំពឹងថានឹងចូលរួមកិច្ចប្រជុំនេះជាមួយគ្នា៕
ប្រែសម្រួល៖ស៊ុនលី
