បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរំលឹកឡើងវិញថា រហូតមកដល់ពេលនេះ លោកយល់ឃើញថា មានភាពងាយស្រួលក្នុងការដោះស្រាយជាមួយរុស្ស៊ី ជាងអ៊ុយក្រែន ខណៈដែលលោកស្វែងរកសន្តិភាពរវាងប្រទេសទាំងពីរ ដោយបង្ហាញក្តីសង្ឃឹមថា ទីក្រុងម៉ូស្គូនឹងយល់ព្រមលើបទឈប់បាញ់រយៈពេល ៣០ ថ្ងៃដែលបានស្នើឡើងជាមួយទីក្រុងគៀវ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ត្រាំ បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងតុមូលធុរកិច្ចមួយកាលពីថ្ងៃអង្គារ មិនយូរប៉ុន្មានបន្ទាប់ពីគណៈប្រតិភូអ៊ុយក្រែន និងអាមេរិក បានជួបប្រជុំគ្នានៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ជាកន្លែងដែលក្រុងគៀវបានយល់ព្រមចំពោះអ្វីដែលមេដឹកនាំអាមេរិកបានពិពណ៌នាថា ជា “បទឈប់បាញ់ពេញលេញ” ខណៈដែលក្រុងវ៉ាស៊ីនតោន បានបន្តផ្តល់ជំនួយផ្នែកយោធា និងចារកម្ម ដល់អ៊ុយក្រែនវិញ។
នៅព្រឹកថ្ងៃដដែល លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា ការឈានដល់កិច្ចព្រមព្រៀងបែបនេះ នឹងក្លាយជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកកិច្ចព្រមព្រៀងចុងក្រោយ ដើម្បីបញ្ចប់ជម្លោះ។ លោកបាននិយាយថា បើមិនដូច្នេះទេ “យើងនឹងបន្តសង្គ្រាមទៀត” ដោយព្រមានថា “មនុស្សជាច្រើន” នឹងត្រូវបានសម្លាប់។
លោកបានបន្ថែមថា “សង្ឃឹមថា [ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន] អាចយល់ព្រមជាមួយវា ហើយយើងអាចទទួលបានការចាប់ផ្តើមនេះ” ដោយបង្ហាញថា លោកអាចនឹងសន្ទនាតាមទូរស័ព្ទមួយផ្សេងទៀតជាមួយសមភាគីរុស្ស៊ីនៅចុងសប្តាហ៍នេះ។
យ៉ាងណាក៏ដោយ ទីក្រុងមូស្គូមិនទាន់បានផ្តល់ការឆ្លើយតបជាផ្លូវការចំពោះសេចក្តីថ្លែងការណ៍នេះនៅឡើយទេ ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថា ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ មិនអាចបដិសេធបានទេ។ អ្នកយកព័ត៌មានរបស់វិមានក្រឹមឡាំង លោក Dmitry Smirnov បានលើកឡើងថា ការហៅទូរស័ព្ទរវាងប្រធានាធិបតីអាមេរិក និងរុស្ស៊ី អាចធ្វើឡើងនៅថ្ងៃសុក្រ៕
ប្រែសម្រួលៈ ណៃ តុលា
