ភ្នំពេញ ៖ លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាតំណាងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ហួត សេងទ្រី ប្រធាននាយកដ្ឋាន រៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមកិច្ចប្រជុំ នាយបេសកកម្មលើកទី២ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា សិស្សបឋមថ្នាក់ជាតិ ឆ្នាំ២០២៥ ការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺកកីឡា ។

លោក ប៉ុន សុខ បានមានប្រសាសន៍ថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះវត្តមានតំណាង សហព័ន្ធកីឡាជាតិ និងប្រធានប្រតិភូរាជធានី ខេត្ត អង្គភាពពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច ប្រតិភូកីឡា រាជធានី ខេត្ត បានសហការរៀបចំ និងចូលរួមការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៥ រៀបចំឡើងក្រោមប្រធានបទ៖ “កីឡាដើម្បីសុខភាពសិក្សា”។ ការរៀបចំប្រកួត នាដើមខែឧសភា ខាងមុខនេះ គឺស្ទើរតែរួចរាល់ទាំងស្រុងទៅហើយ ដោយយើងនៅចាំ តែអនុវត្តប៉ុណ្ណោះ ដើម្បីឲ្យការប្រកួតដំណើរ ការរលូន និងទទួលបានជោគជ័យ ខ្ញុំសូមចូលរួមរំលឹក និងផ្តល់អនុសាសន៍ ។

លោកអគ្គនាយកបានបន្តថា ប្រតិភូកីឡារាជធានី ខេត្តទាំងអស់ តាមដានការធ្វើដំណើររបស់គ្រូបង្វឹក និងក្មួយៗកីឡាករ-កីឡាការិនី ត្រូវមកចូលរួមការប្រកួតកីឡា សិស្សបឋមសិក្សាថ្នាក់ជាតិ តាមដំណាក់កាលៗ ដែលគណៈកម្មការរៀបចំការប្រកួត រៀបចំជូន។ប្រតិភូកីឡា រាជធានីខេត្តរក្សា ឲ្យបាននូវការយោគយល់ ការអធ្យាស្រ័យ និងការសហការគ្នា រវាងខេត្ត និងគណៈកម្មការគ្រប់ផ្នែក ដើម្បីសម្របសម្រួល ការងារចាំបាច់ទូទៅ។ ប្រតិភូកីឡារាជធានី ខេត្ត ត្រូវបន្តឲ្យមានការហាត់សមរៀងរាល់មុនការប្រកួតរបស់ប្អូនកីឡាករ-កីឡាការិនី ដើម្បីឱ្យប្រាកដថា ការចូលរួមប្រកួតមិន ប៉ះពាល់ដល់សាច់ដុំ ឬបញ្ហាផ្សេងៗទៀត។

លោក ប៉ុន សុខ បានបញ្ជាក់ថា សូមចូលរួមទាំងអស់គ្នាគោរពឲ្យបាននូវគោលការណ៍ត្រឹមត្រូវ និងសុក្រឹតក្នុងអនុញ្ញាតឲ្យកីឡាករ-កីឡាការិនី តាមអាយុកំណត់ ដែលគណៈកម្មការរៀបចំការប្រកួត មានចែងក្នុងបញ្ញត្តិទូទៅ និងបទបញ្ជាបច្ចេកទេសតាមប្រភេទកីឡានីមួយៗ . ត្រូវចូលរួមក្នុងការវាយតម្លៃ និងធ្វើរបាយការណ៍អំពីសមាសភាពដែលមានភាពអសកម្ម និងចំណុចខ្វះខាតផ្សេងៗ ដើម្បីជាមូលដ្ឋានកែលម្អការរៀបចំប្រកួតឱ្យបានកាន់តែល្អប្រសើរឡើង នាពេលអនាគត។

ចូលរួមសហការ និងដោះស្រាយបញ្ហាចំពោះការផ្សព្វផ្សាយនូវព័ត៌មាននានានឹងផ្តល់នូវផលអវិជ្ជមានមកកាន់ការប្រកួត ដោយត្រូវយកចិត្តទុកដាក់ និងរកដំណោះស្រាយឱ្យបានត្រឹមត្រូវ ព្រមទាំងទាន់ពេលវេលាទាំងអស់គ្នា។ ត្រូវយកចិត្តទុកដាក់ចំពោះសុខភាពរបស់គ្រូបង្វឹក និងក្មួយកីឡាករ កីឡាការិនី ដោយត្រូវសហការ ឬទំនាក់ទំនង ជាមួយក្រុមគ្រូពេទ្យប្រចាំការទាំងទីតាំងស្នាក់នៅ និងទីលានប្រកួត ដើម្បីបង្ការបញ្ហាសុខភាព ដែលកើតឡើងជាយថាហេតុណាមួយ ឬការចាំបាច់ត្រូវធ្វើការសង្រ្គោះបឋមផ្សេងៗ ដោយត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធឱ្យបានជិតស្និទ្ធ ព្រមទាំងត្រូវមានសម្ភារពេទ្យ និងទំនាក់ទំនងជាមន្ទីរពេទ្យជាមុន។

លោកបានបន្ថែមថា សហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការសម្របសម្រួលចរាចរណ៍សម្រាប់ប្រតិភូ កីឡាករ កីឡាការិនី នៅតាមបរិវេណទីលានប្រកួត ក្នុងករណីចាំបាច់។ ជំរុញការឱ្យមានប្រាស្រ័យទំនាក់ទំនងជិតស្និទ្ធរវាងគណៈកម្មការរៀបចំការប្រកួត និងគណៈកម្មការជំនាញតាមសហព័ន្ធ ដើម្បីភាពងាយស្រួលលើការងារ ពាក់ព័ន្ធផ្សេងៗ នាពេលអនាគត។

ត្រូវចូលរួមប្រជុំប្រធានប្រតិភូ តាមការអញ្ជើញរបស់គណៈកម្មការរៀបចំការប្រកួត ដើម្បីរាយការណ៍ពីចំណុចខ្វះខាត និងការងារបច្ចេកទេស ប្រចាំថ្ងៃផ្សេងតាម។ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ ពីគោលការណ៍កីឡាគ្មានថ្នាំជក់ “Tobacco – Free – Sports” ដោយត្រូវអនុវត្តឱ្យបាននៅគ្រប់ទីតាំងទីលានប្រកួត ទីតាំងទីកន្លែងស្នាក់នៅ និងទីតាំងកន្លែងហូបចុក របស់ប្រតិភូកីឡាទាំងអស់៕


