ភ្នំពេញ៖លោក ឡាំង អូណា សមាជិកគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងជានាយករងកម្មវិធីកីឡាតំណាងលោក សាយ សំអាល់ ប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ និងបណ្ឌិត ជ័យ ចាប់ ទីប្រឹក្សាក្រសួងព្រះបរមរាជវាំង និងជាប្រធានសមាគម នាថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបិទ “ការប្រកួតតេក្វាន់ដូជ្រើសរើសជើងឯកកុមារអបអរសាទរ ទិវាកុមារអន្តរជាតិកុមារ ១មិថុនា ឆ្នាំ២០២៥”នៅក្លឹបតេក្វាន់ដូវិទ្យាល័យបឹងត្របែក។

លោក ឡាំង អូណា បានមានប្រសាសន៍ថា តាងនាមលោកសាយ សំអាល់ ប្រធាន ស. ស. យ. ក. រាជធានីភ្នំពេញ ខ្ញុំសូមយកឱកាសនេះ គោរព ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកបណ្ឌិត ជ័យ ចាប់ និងក្រុមការងារទាំងអស់ ដែលបាន រៀបចំការប្រកួតនេះឡើង ដើម្បីប្រមូលផ្ដុំអ្នកស្នេហាវិស័យកីឡាតេក្វាន់ដូ ក៍ដូចជាបណ្ដុះស្មារតីកីឡា ដល់ ស្រទាប់យុវជន ពង្រឹងសាមគ្គីភាព មិត្តភាព ទំនាក់ទំនងល្អ ពីគា្នទៅវិញទៅមក ក្នុងការចូលរួមចំណែក អភិវឌ្ឍន៍វិស័យកីឡាឲ្យកាន់តែមានប្រជាប្រិយភាព និងគុណភាព ដើម្បីជាគុណប្រយោជន៍ដល់សង្គមជាតិកម្ពុជា ទាំងផ្នែកសុខមាលភាព កាយសម្បទារ និងធនធានអ្នកបច្ចេកទេសកីឡានេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀតព្រមទាំងចូលរួមផ្សព្វផ្សាយបន្ថែមដល់សាធារណជនឲ្យបានយល់ដឹងពីសារសំខាន់នៃកីឡាមួយប្រភេទនេះ ក៍ដូចជាចូលរួម និងបំផុសចលនាឲ្យប្រជាជនចូលរួមលេងកីឡាទាំងអស់គ្នា។

លោកបណ្ឌិត ជ័យ ចាប ទេសរដ្ឋមន្ត្រី ទីប្រឹក្សាក្រសួងព្រះបរមរាជវាំងនិងជាប្រធានសមាគមតេក្វាន់ដូរាជធានីភ្នំពេញថ្លែងថា សមិទ្ធផលនៃការប្រកួតកីឡាតេក្វាន់ដូជ្រើសរើសជើងឯកកុមារ ដើម្បីអបអរសាទរ ខួបលើកទី៧៦ ទិវាអន្តរជាតិកុមារ ១មិថុនា ឆ្នាំ២០២៥ នាពេលនេះ ពិតជាមានសារសំខាន់ខ្លាំងបំផុត សម្រាប់កុមារា កុមារី យុវជន យុវតី និងសង្គមជាតិទាំងមូល នាពេលអនាគត។

លោកបណ្ឌិត ជ័យ ចាប មានប្រសាសន៍ថា ជាមួយនឹងព្រឹត្តិការណ៍ដ៏មានសារសំខាន់បំផុតសម្រាប់កុមារា កុមារី យុវជន យុវតី និងសង្គមជាតិទាំងមូលបែបនេះ ហើយទើបឯកឧត្តមបានស្នើសុំឱ្យមានការគាំទ្រសកម្មភាពនេះឱ្យមានជានិរន្ត រៀងរាល់ឆ្នាំ។ ក្នុងមនាមប្រធានសមាគមតេក្វាន់ដូរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ប្រកបដោយក្ដីសោមនស្សរីករាយក្រៃលែងចំពោះលោក សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដែលកន្លងមកបានសហការយ៉ាងជិតស្និតជាមួយសមាគមតេក្វាន់ដូ រាជធានីភ្នំពេញ ក្នុងការរៀបចំការប្រកួតកីឡាតេក្វាន់ដូ ទទួលបានជោគជ័យគួរជាទីមោទនៈ។

លោកបណ្ឌិតក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការប្រតិបត្តិ លោកគ្រូ អ្នកគ្រូ មាតាបិតាអាណាព្យាបាល កីឡាករ កីឡាការិនី ស.ស.យ.ក រាជធានីភ្នំពេញ និងអ្នកគាំទ្រទាំងអស់ដែលតែងតែគាំទ្រសកម្មភាពរបស់សមាគមតេក្វាន់ដូរាជធានីភ្នំពេញ ជាបន្តបន្ទាប់កន្លងមក បានជាសម្ភារ ថវិកា ពិសេសការផ្តល់កម្លាំងចិត្ត ដល់ចៅៗកីឡាករ កីឡាការិនីយើង បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ។ ការប្រកួតតេក្វាន់ដូជ្រើសរើសជើងឯកកុមារ អបអរសាទរ ខួបលើកទី៧៦ ទិវាអន្តរជាតិកុមារ ១មិថុនា ឆ្នាំ២០២៥ បញ្ចប់ដោយជោគជ័យ ទទួលបានផ្លែផ្កានាពេលនេះ គឺក៏អាស្រ័យដោយគណៈកម្មការបច្ចេកទេស លោកគ្រូ អ្នកគ្រូ មាតាបិតាអាណាព្យាបាលទាំងអស់ ដែលបានបញ្ជូនកូនៗកីឡាករ កីឡាការិនី មកចូលរួម។

លោក សំ សុខយី អគ្គលេខាធិការ សមាគមកីឡាតេក្វាន់ដូរាជធានីភ្នំពេញបានឱ្យដឹងថា ការប្រកួតតេក្វាន់ដូជ្រើសរើស ជើងឯកកុមារអបអរសាទរ ខួបលើកទី៧៦ ទិវាអន្តរជាតិកុមារ ១មិថុនា ឆ្នាំ២០២៥នេះមាន៧ក្លឹបចូលរួមប្រកួតប្រជែងមេដាយ ២៨វិញ្ញា និងមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសរុប ១៣១នាក់ ក្នុងនោះមានកីឡាការិនី ៦០នាក់។ ចំពោះចំណាត់ថ្នាក់ជ័យលាភី រួមមាន៖ ចំណាត់ថ្នាក់លេខ១ វិទ្យាល័យបឹងត្របែក ដណ្តើមបានមេដាយ៤៤គ្រឿង (មាស១៦ ប្រាក់១៤ សំរឹទ្ធ១៤) លេខ២ វិទ្យាល័យហ៊ុនសែនចាក់អង្រែ មេដាយ២០គ្រឿង (មាស៤ ប្រាក់៩ សំរឹទ្ធ ៧) លេខ៣ សមាគមតេក្វាន់ដូខេត្តសៀមរាប មេដាយ៧ (មាស៤ ប្រាក់២ សំរឹទ្ធ១)៕
