ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន ហៅការសម្រេចចិត្ត ដាក់ពន្ធថ្មីរបស់លោក ត្រាំ ២៥%ថា ពិតជាគួរឱ្យសោកស្តាយ

kyodo

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានឲ្យដឹងថា ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដាក់ពន្ធ ២៥ ភាគរយលើប្រទេសជប៉ុន គឺ “គួរឱ្យសោកស្តាយណាស់” ដោយកត់សម្គាល់ថា ការចរចាទ្វេភាគីនឹងបន្តឆ្ពោះ ទៅរកកិច្ចព្រមព្រៀង ដែលមានផលប្រយោជន៍ទៅវិញទៅមក។

នៅក្នុងកិច្ចប្រជុំក្រុមការងារពន្ធដារ លោក Ishiba បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន នឹងមិនរវើរវាយក្នុងការការពារ ផលប្រយោជន៍ជាតិរបស់ខ្លួននៅក្នុងជុំនៃកិច្ចចរចាពាណិជ្ជកម្ម នាពេលខាងមុខនោះទេ ដោយសន្យាថា នឹងធ្វើអស់ពីសមត្ថភាព ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃការដំឡើងពន្ធ ដែលនឹងកើតឡើងលើសេដ្ឋកិច្ចជប៉ុន ដែលផ្តោតលើការនាំចេញ ។

លោក Ishiba បានប្រាប់អង្គប្រជុំថា “យើងនឹងបន្តចូលរួមក្នុង ការចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីស្វែងយល់ពីលទ្ធភាព នៃការឈានដល់កិច្ចព្រមព្រៀង ដែលមានអត្ថប្រយោជន៍ទៅវិញទៅមក ខណៈពេលដែលការពារ ផលប្រយោជន៍ជាតិរបស់យើង” ។

លោក Ishiba ក៏បានឲ្យដឹងផងដែរថា កង្វះវឌ្ឍនភាពក្នុងការ ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មគឺដោយសារតែ “រដ្ឋាភិបាលបានជៀសវាងការធ្វើឱ្យមានការសម្របសម្រួល យ៉ាងប្រញាប់ប្រញាល់ ខណៈពេលដែលទាមទារ និងការពារអ្វីដែលចាំបាច់” ។

លោក ដូណាល់ ត្រាំ បានលើកឡើងថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធ ២៥ ភាគរយលើការនាំចូលពីប្រទេសជប៉ុន ចាប់ពីថ្ងៃទី១ ខែសីហា ខណៈដែលការព្រមានថា ការដំឡើងពន្ធលើទំនិញ របស់សហរដ្ឋអាមេរិក នឹងត្រូវជួបជាមួយនឹងការដំឡើងពន្ធ ដែលមានតម្លៃស្មើ ដោយរដ្ឋបាលរបស់លោក៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top