ព័ត៌មានអន្តរជាតិ

ប្រទេសវៀតណាមចាប់មនុស្ស ៤១ នាក់ក្នុងរឿងអាស្រូវពុករលួយលុយ ៤៤ លានដុល្លារអាមេរិក

VN Express

វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តុលាការប្រជាជនទីក្រុងហាណូយបានកាត់ទោសមនុស្ស ៤១ នាក់រួមទាំងអតីតមេដឹកនាំខេត្តជាច្រើនឲ្យជាប់ពន្ធ នាគារកាលពីថ្ងៃសុក្រ ក្នុងសំណុំរឿងពុករលួយដ៏ធំមួយដែលបណ្តាលឲ្យខូចខាតដល់រដ្ឋសរុបជាង ១.១៦៤ ពាន់ពាន់លានដុង (៤៤.៤៨ លានដុល្លារ) ។

លោកស្រី Hoang Thi Thuy Lan អតីតលេខាខេត្ត Vinh Phuc ដែលបច្ចុប្បន្នជាផ្នែកនៃខេត្ត Phu Tho ទទួលទោសជាប់ពន្ធនាគារយូរបំផុតក្នុងចំណោមអតីតមន្ត្រីទាំងនោះ គឺ ១៤ ឆ្នាំ។ លោកស្រី Lan ត្រូវបានគេចោទប្រកាន់ថា បានទទួលសំណូកដែលមានតម្លៃប្រហែល ២ លានដុល្លារពីករណីនេះ ជាចំនួនច្រើនបំផុតមួយ។

ក្នុងចំណោមជនជាប់ចោទមាន ៣០ នាក់ជាមន្ត្រីជាន់ខ្ពស់ ក្នុងនោះ ៥នាក់ ជាលេខាបក្សខេត្តមកពីខេត្ត Vinh Phuc ខេត្ត Phu Tho និងខេត្ត Quang Ngai។ ពួកគេត្រូវបានកាត់ទោសពីបទទទួលសំណូក ឬបំពានតួនាទី និងអំណាច។ លោក Pham Van Vong  ជាអតីតលេខាគណៈកម្មាធិការបក្ស Vinh Phuc ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំពីបទបំពានតួនាទី និងអំណាច។

អតីតលេខាបក្ស Phu Tho ២នាក់គឺ Ngo Duc Vuong និង Nguyen Doan Khanh ម្នាក់ៗបានទទួលការកាត់ទោសព្យួររយៈពេល ៣០ ខែ។ លោក Le Viet Chu អតីតលេខាបក្ស Quang Ngai ត្រូវបានកាត់ទោសឲ្យជាប់គុក ៧ ឆ្នាំ។

ក្នុងចំណោមជនជាប់ចោទ ១៥ នាក់ជាអតីតមន្ត្រី Vinh Phuc អតីតប្រធាន Le Duy Thanh ទទួលបាន ១២ ឆ្នាំ អតីតអនុប្រធាន Nguyen Van Khuoc  ៧ឆ្នាំ អតីតអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ Hoang Van Nhiem ៤ឆ្នាំ អតីតលេខាបក្សអចិន្ត្រៃយ៍លោក Pham Hoang Anh ៨ឆ្នាំ និងជាអតីតអនុប្រធាននាយកដ្ឋានធនធានធម្មជាតិ និងបរិស្ថាន Chu Quoc Hai ៤ឆ្នាំ។

Thanh និង Lan បានទទួលយកសំណូកច្រើនជាងគេគឺ ៤៩.៨ ពាន់លានដុង និង ៤៧.៩ ពាន់លានដុង។ ចុងចោទ ១១ នាក់ផ្សេងទៀត អ្នកជំនួញ និងបុគ្គលិកក្រុមហ៊ុនត្រូវបានចោទប្រកាន់ពីបទផ្តល់សំណូក និងការរំលោភលើបទប្បញ្ញត្តិគណនេយ្យ និងការដេញថ្លៃ។

លោក Nguyen Van Hau ប្រធានក្រុមហ៊ុនសំណង់ Phuc Son Group បានទទួលការកាត់ទោសខ្ពស់បំផុតដាក់ពន្ធនាគារចំនួន ៣០ ឆ្នាំ: ១៤ឆ្នាំពីបទ “សូកប៉ាន់”  ៧ ឆ្នាំសម្រាប់ “ការរំលោភលើបទប្បញ្ញត្តិគណនេយ្យបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរ” និង ៩ ឆ្នាំសម្រាប់ “ការរំលោភលើការដេញថ្លៃបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរ” ។

ក្នុងរយៈពេលជាង ១៥ ឆ្នាំនៃការគ្រប់គ្រងក្រុមហ៊ុនសំណង់ លោក Hau បានចំណាយប្រាក់ចំនួន ១៣២ ពាន់លានដុងដើម្បីសូកប៉ាន់មន្ត្រីចំនួន ១៨ នាក់ក្នុងខេត្តចំនួន៣ដើម្បីទទួលបានកិច្ចសន្យាសម្រាប់គម្រោងចំនួន ១៤ និងបានលាក់បាំងប្រាក់ចំណូលជាង ២ ពាន់ពាន់លានដុងដើម្បីគេចពីពន្ធ៕ https://e.vnexpress.net/news/news/crime/vietnam-jails-41-people-in-massive-44m-corruption-scandal-4912967.html

Most Popular

To Top