បរទេស៖ រដ្ឋមន្រ្តីក្រសួង ការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកគាំទ្រ សកម្មភាព យោធារបស់ប្រទេស តួកគីប្រឆាំង នឹងកងទ័ពស៊ីរីនៅក្រុង Idlib ដោយឃើញថា វាជាសកម្មភាពការពារខ្លួន។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់ លោក Pompeoថា « យើងឈរនៅជាមួយសម្ព័ន្ធមិត្ត ណាតូរបស់យើង តួកគី បន្ទាប់ពីការវាយប្រហារនេះដែលបណ្តាលឱ្យបុគ្គលិក តួកគីជាច្រើននាក់ បានស្លាប់នៅប៉ុស្តិ៍សង្កេតការណ៍មួយ ដែលត្រូវបានប្រើសម្រាប់ ការសម្របសម្រួល និងការបន្ថយភាពតានតឹង និងគាំទ្រយ៉ាងពេញលេញ នូវសកម្មភាពការពារខ្លួន របស់ប្រទេសតួកគីក្នុងការឆ្លើយតប»។
លោកបានស្តីបន្ទោសកងកម្លាំងស៊ីរីចំពោះ ការកើនឡើងនូវអំពើហឹង្សានៅក្នុងទីក្រុង Idlib នៅភាគពាយព្យប្រទេស។ យោងតាមលោក Pompeo ការវាយប្រហារដោយគ្រាប់បែកត្បាល់ កាលពីថ្ងៃទី ៣ ខែកុម្ភៈ បានវាយប្រហារទៅលើប៉ុស្តិ៍ សង្កេតការណ៍របស់តួកគីដែលបណ្តាល ឱ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់។
សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីទាហាន តួកគី ៥ នាក់ និងជនស៊ីវិលម្នាក់ត្រូវ បានសម្លាប់ក្នុងការបាញ់ផ្លោងដោយ កងកម្លាំងរដ្ឋាភិបាលស៊ីរីនៅខេត្ត Idlib ។ ក្រសួងការពារជាតិតួកគី បានសន្យាចាត់វិធានការសងសឹក វិញ៕ប្រែសម្រួលៈ ណៃ តុលា