កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះ ក្រុមតារាចម្រៀងស្រីកូរ៉េខាងត្បូង BLACKPINK បានវិលត្រឡប់មកវិញ ជាមួយបទចម្រៀង “Go” ដែលជាបទចម្រៀងចំណងជើងពីអាល់ប៊ុម DEADLINE របស់ពួកគេ ដំបូងឡើយទទួលបានការគាំទ្រខ្លាំង ប៉ុន្តែបែរជាមានការធ្លាក់ ចុះអ្នកស្តាប់ និងការលក់យ៉ាងច្រើនទៅវិញ។
ដំបូងឡើយ ការលក់អាល់ប៊ុម របស់ក្រុមនេះលេចធ្លោ ដោយបំបែកកំណត់ត្រាមុន និងជាប់ចំណាត់ថ្នាក់ក្នុងចំណោមការលក់ខ្ពស់បំផុតនៅថ្ងៃដំបូង ដោយលក់បានជាង ១,៤៦០,០០០ ច្បាប់ ។ ការសម្តែងការស្តាប់របស់ក្រុម BLACKPINK នៅលើ Spotify ក៏គួរឲ្យកត់សម្គាលដែរ ដោយបទចម្រៀងចំណងជើង បានបង្ហាញខ្លួននៅលើតារាង Spotify Global នៅលេខ ៩ ខណៈអាល់ប៊ុមទាំងមូលគឺជា EP លំដាប់ទី ៤ ខ្ពស់បំផុតក្នុងចំណោមការចេញផ្សាយ K-Pop ទាំងអស់ ដូចដែលបានចាត់ថ្នាក់ដោយវេទិកា។
យោងតាមតារាង Hanteo បានចេញផ្សាយថាទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃបន្តបន្ទាប់ ក្រុមនេះបានឃើញការធ្លាក់ចុះទាំងការលក់ជាក់ស្តែង និងការផ្សាយតាមអ៊ីនធើណេត។ អាល់ប៊ុម Deadline បានលក់បានចំនួន ៧,១០៩ ច្បាប់ និង ២,០២៦ ច្បាប់នៅថ្ងៃទី២ និងទី៣នៃការលក់។
នៅថ្ងៃទី២នៃការផ្សាយផ្ទាល់ បទចម្រៀងក្នុងអាល់ប៊ុមនេះបានធ្លាក់ចុះនៅបញ្ជីចម្រៀងសកល ដោយបទចម្រៀង Fxxxboy បានធ្លាក់ចុះច្រើនជាងគេ ដល់ទៅ ១៤៧ ចំណាត់ថ្នាក់។ លទ្ធផលទាំងនេះបានបង្កឲ្យមានការចំអកដល់ក្រុមនេះ រងការរិះគន់ពួកគេថា បានបរាជ័យ បន្ទាប់ពីអ្នកស្តាប់មិនបានត្រឡប់មកវិញ៕
