ទីក្រុងឌូបៃ ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាសម្តែងហុងកុង លោក Benny Chan និងតារាសម្តែងចិនលោក Li Mao បានជាប់គាំងពេលធ្វើដំណើរ នៅទីក្រុងឌូបៃ ដោយសារតែសង្គ្រាមរវាងអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានរំខានដល់ការ ធ្វើដំណើរតាមផ្លូវអាកាស ក្នុងតំបន់។
បន្ទាប់ពីត្រឡប់ទៅស្រុកកំណើត របស់ពួកគេវិញ សម្រាប់បុណ្យចូលឆ្នាំចិន លោក Benny Chan និងភរិយារបស់លោក គឺតារាសម្តែងអ្នកនាង Jiang Lisha រួមជាមួយកូនៗរបស់ពួកគេ បានធ្វើដំណើរទៅកាន់ទីក្រុងឌូបៃ។
ការបង្ហោះនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃទី ១ ខែមីនា អ្នកនាង Jiang បាននិយាយថា ក្រុមគ្រួសារនេះ បានមកដល់នៅចុងខែកុម្ភៈ ហើយទើបតែធ្វើដំណើរបាន២ ឬ៣ថ្ងៃប៉ុណ្ណោះ។
នេះបើយោងតាមគេហទំព័រព័ត៌មាន ចិន Sinchew បាននិយាយថា ពួកគេ មិនបានរំពឹងទុកពីព្រឹត្តិការណ៍ ដែលមិននឹកស្មានដល់ដែលបានកើតឡើង ហើយឥឡូវនេះមានការព្រួយបារម្ភយ៉ាងខ្លាំង។
នេះបើយោងតាមការចុះផ្សាយរបស់ China Times ថា តារាសម្តែងចិន លោក Li Mao បានបញ្ជាក់នៅលើបណ្តាញសង្គម Weibo នៅថ្ងៃទី ១ ខែមីនាថា លោកត្រូវបានបង្ខំឲ្យស្នាក់នៅក្នុងប្រទេសអារ៉ាប់រួម។ លោកបានបង្ហើបថា ជើងហោះហើររបស់គាត់ត្រឡប់ទៅទីក្រុងប៉េកាំងវិញ ដែលគ្រោងនឹង ចេញដំណើរនៅថ្ងៃទី ១ ខែមីនា ត្រូវបានលុបចោល ដោយសារតែវិបត្តិអាកាសចរណ៍ ។
លោកបានរំលឹកឡើងវិញថា បានឮសំឡេងផ្ទុះចំនួនប្រាំនៅជិតឆ្នេរ។ នេះជាលើកដំបូងដែលខ្ញុំមានអារម្មណ៍ថា សង្គ្រាមជិតមកដល់ហើយ ។ លោកបានបន្តថា លោកមិនបានដេកពេញមួយយប់ទេ ដោយតែងតែបង្ហាញពី បំណងប្រាថ្នាចង់ត្រឡប់ទៅផ្ទះវិញ។
អាកាសយានដ្ឋានឌូបៃ បានផ្អាកប្រតិបត្តិការហោះហើរទាំងអស់ នៅអាកាសយានដ្ឋានអន្តរជាតិឌូបៃ និងអាកាសយានដ្ឋានអន្តរជាតិ អាល់ម៉ាក់តូម រហូតដល់មានការជូនដំណឹងបន្ថែម។ នៅទីក្រុងអាប៊ូដាប៊ី ប្រតិបត្តិការនៅអាកាសយានដ្ឋាន អន្តរជាតិហ្សាយ៉េដ ក៏ត្រូវបានផ្អាកផងដែរ៕
