ទីក្រុងឌូបៃ ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាសម្តែងស្រីជនជាតិចិន នាង Dilraba Dilmurat មិនអាចចូល រួមកម្មវិធី Dior Fashion Show នៅទីក្រុងប៉ារីសបានឡើយ បន្ទាប់ពីនាងជាប់គាំង នៅទីក្រុងឌូបៃ ដោយសារតែការបិទដែនអាកាស ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើង នៅមជ្ឈិមបូព៌ា។
នេះបើយោងតាមការចុះ ផ្សាយរបស់ Qianjiang Evening News បាននិយាយថា នាងត្រូវបានជាប់គាំង នៅអាកាសយានដ្ឋានមួយក្នុង ទីក្រុងឌូបៃអស់រយៈពេលជាង ២៤ ម៉ោង ខណៈពេលកំពុងធ្វើដំណើរ ឆ្លងកាត់មជ្ឈិមបូព៌ាកាលពីថ្ងៃពុធ។
នេះបើយោងតាមទស្សនាវដ្តី DramaPanda ក៏បាននិយាយថា ទីភ្នាក់ងាររបស់នាងបាននិយាយថា នាងមានសុវត្ថិភាព និងសុខសប្បាយ ហើយថានាង និងក្រុមរបស់នាងនៅជាមួយគ្នា និងមើលថែគ្នាទៅវិញទៅមក។
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី 8days ដកស្រង់ពីក្រុមហ៊ុនគ្រប់គ្រងរបស់នាងបាននិយាយថា ទាំងក្រុមរបស់នាង Dilraba និងក្រុមហ៊ុនម៉ូដបានព្យាយាមផ្លាស់ប្តូរទិដ្ឋាការ និងរៀបចំជើងហោះហើរឡើងវិញ ប៉ុន្តែបរាជ័យ។
ក្រុមរបស់ Dilraba បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Weibo ថា នាង Dilraba ឲ្យតម្លៃគ្រប់ឱកាសដើម្បីជួបជាមួយអ្នក មិនថាផ្ទាល់ ឬពីចម្ងាយ។ ស្ថានភាពភ្លាមៗនេះធ្វើឲ្យយើងភ្ញាក់ផ្អើល ហើយយើងសោកស្តាយដែលបានធ្វើឲ្យអ្នកខកចិត្ត។
លោក Mathilde Favier នាយកផ្នែកទំនាក់ទំនងសាធារណៈអន្តរជាតិរបស់ Dior បានបញ្ជាក់ពីអវត្តមានរបស់ Dilraba ពីសប្តាហ៍ម៉ូដប៉ារីសដោយសារតែ កាលៈទេសៈមិនអាចគ្រប់គ្រងបាន។
ក្នុងនាមជាឯកអគ្គរដ្ឋទូតម៉ាកយីហោសកលសម្រាប់ Dior ការបង្ហាញខ្លួនរបស់នាងនៅក្នុងកម្មវិធីម៉ូដរបស់ខ្លួនបានទាក់ទាញចំណាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យនាងក្លាយជាតារាល្បីចិនដ៏លេចធ្លោបំផុតម្នាក់នៅក្នុងសប្តាហ៍ម៉ូដ។
តារាសម្តែងអាយុ ៣៤ ឆ្នាំរូបនេះកើតនៅខេត្ត Xinjiang ហើយបានក្លាយជាមនុស្សលេចធ្លោតាមរយៈរឿងភាគដូចជា “Eternal Love” និង “The Long Ballad”។ នាងគឺជាជម្រើសញឹកញាប់សម្រាប់យុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្ម និងបម្រើការជាឯកអគ្គរដ្ឋទូតសម្រាប់ម៉ាកយីហោប្រណីតជាច្រើន៕
