សិល្បៈ និង កម្សាន្ត

តារាល្បីៗ កូរ៉េខាងត្បូង​ ប្រញាប់ប្រញាល់លក់អចលនទ្រព្យ ខណៈពន្ធលើប្រាក់ចំណេញ ពីដើមទុនអាចឡើងដល់ ៧៥ ភាគរយ

កូរ៉េខាងត្បូង ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាល្បីៗកូរ៉េខាងត្បូង ជាច្រើនកំពុងដាក់លក់អចលនទ្រព្យ របស់ពួកគេនៅលើទីផ្សារ ខណៈរយៈពេលអនុគ្រោះ សម្រាប់គម្រោងពន្ធដ៏តឹងរ៉ឹងមួយជិតដល់ទីបញ្ចប់ ដែលអាចជំរុញឲ្យពន្ធលើប្រាក់ចំណេញ ពីការលក់អចលនទ្រព្យឡើងដល់ ៧៥ ភាគរយ ។

យោងតាម Chosun Biz ដោយដកស្រង់ប្រភពឧស្សាហកម្មអចលនទ្រព្យក្នុងស្រុក បាននិយាយថា នាង Lee Hyeri អាយុ ៣២ ឆ្នាំ សមាជិកក្រុម K-pop Girl’s Day បានចុះបញ្ជីអគារមួយ និងដីរបស់វាក្នុងស្រុក Gangnam ដ៏ប្រណីតរបស់ទីក្រុងសេអ៊ូល ក្នុងតម្លៃស្នើសុំ ១៤.៥ ពាន់លានវ៉ុន (៩.៨ លានដុល្លារអាមេរិក)។

អចលនទ្រព្យនេះ មានជាន់ក្រោមដី ២ ជាន់ និងជាន់៦ ជាន់ពីលើដី ដែលមានទំហំសរុប ៦៨៤.៤ ម៉ែត្រការ៉េ។ នាង Lee បានទិញផ្ទះពហុគ្រួសារមួយ នៅលើទីតាំងនេះ ក្នុងខែសីហា ឆ្នាំ ២០២២ តាមរយៈសាជីវកម្មគ្រួសារមួយឈ្មោះថា Empo។ រចនាសម្ព័ន្ធដើមក្រោយមកត្រូវបានរុះរើ ហើយជំនួសដោយអគារបច្ចុប្បន្ន។

នេះបើយោងតាមកាសែត The Korea Heraldថា វិធានការពន្ធនេះត្រូវបានណែនាំក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae In ប៉ុន្តែក្រោយមកត្រូវបានពន្យារពេលដោយអ្នកស្នងតំណែងរបស់លោក គឺអតីតប្រធានាធិបតី Yoon Suk Yeo។ ក្រៅពីនាង Lee តារាសម្ដែង Ha Jung Woo អាយុ ៤៨ ឆ្នាំ ត្រូវបានគេរាយការណ៍ថាកំពុងលក់អគារពីរដែលមានទីតាំងនៅក្នុងស្រុក Jongno និង Songpa ទីក្រុងសេអ៊ូល។

ទន្ទឹមនឹងនេះ តារាសម្ដែង Kim Tae Hee អាយុ ៤៦ ឆ្នាំ បានលក់អាផាតមិនប្រណីតមួយនៅ Hannam The Hill ក្នុងស្រុក Yongsan ទីក្រុងសេអ៊ូលក្នុងតម្លៃ ១២,៧៧ ពាន់លានវ៉ុនកាលពីខែវិច្ឆិកា ឆ្នាំមុន។ នាងបានទិញអចលនទ្រព្យនេះក្នុងខែសីហា ឆ្នាំ២០១៨ ក្នុងតម្លៃ ៤,២៣ ពាន់លានវ៉ុន ដោយទទួលបានប្រាក់ចំណេញប្រហែល ៨,៤ ពាន់លានវ៉ុនក្នុងរយៈពេលប្រាំពីរឆ្នាំ។

តារាសម្ដែង Jo Jung Suk អាយុ ៤៦ ឆ្នាំ បានលក់អគារមួយក្នុងស្រុក Gangnam ទីក្រុងសេអ៊ូលក្នុងតម្លៃ ១១ ពាន់លានវ៉ុនកាលពីខែសីហា ឆ្នាំមុនតាមរយៈសាជីវកម្មមួយដែលគាត់បានបង្កើតឡើងជាមួយភរិយារបស់គាត់ គឺតារាចម្រៀង Gummy អាយុ ៤៥ ឆ្នាំ។ កិច្ចព្រមព្រៀងនេះបានបង្កើតប្រាក់ចំណេញប្រហែល ៧ ពាន់លានវ៉ុន។

អតីតតារាម៉ូដែល Byun Jung Min អាយុ ៥០ ឆ្នាំ ក៏បានលក់អគារតូចមួយនៅក្នុងស្រុក Yongsan ទីក្រុងសេអ៊ូលកាលពីខែមិថុនា ឆ្នាំមុន ត្រូវបានគេរាយការណ៍ថារកបានប្រាក់ចំណេញប្រហែល ២.៣ ពាន់លានវ៉ុន៕

Most Popular

To Top