ចិន៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ភោជនីយដ្ឋានមួយកន្លែង នៅខេត្តហឺណាន ប្រទេសចិនបានបំផ្លាញសម្ភារៈលើតុចំនួន ៦០០ ឈុត ហើយបិទ ជាបណ្ដោះអាសន្នដើម្បីសម្លាប់មេរោគ បន្ទាប់ពីអ្នកញ៉ាំអាហារម្នាក់ ត្រូវបានគេឃើញអនុញ្ញាត ឲ្យឆ្កែអង្គុយនៅតុអំឡុងពេលញ៉ាំអាហារ។
នេះបើយោងតាមការចុះផ្សាយរបស់ Litchi News បាននិយាយថា ហេតុការណ៍នេះបានទាក់ទាញការ ចាប់អារម្មណ៍យ៉ាងទូលំទូលាយ បន្ទាប់ពីវីដេអូមួយបង្ហាញពីឆ្កែអង្គុយ លើកៅអីដោយមានមុខនៅ ជិតអាហារបានរីករាលដាល យ៉ាងឆាប់រហ័សពាសពេញ ប្រព័ន្ធផ្សព្វផ្សាយ សង្គមចិនកាលពីថ្ងៃអង្គារ ។
បន្ទាប់ពីមើលវីដេអូឃ្លីបនេះ អ្នកគ្រប់គ្រងភោជនីយដ្ឋាន Jiang បានពិនិត្យមើលវីដេអូឃ្លាំមើល ហើយបានណែនាំបុគ្គលិកឲ្យបោះចោលសម្ភារៈលើតុទាំងអស់ ដែលប្រើនៅថ្ងៃនោះ រួមទាំងចាន ពែង និងចង្កឹះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាស្តង់ដារអនាម័យ។
លោកបាននិយាយថា ភោជនីយដ្ឋាននឹងបិទមួយរយៈខ្លី ដើម្បីឲ្យបរិវេណទាំងមូលអាចត្រូវបានសម្លាប់មេរោគ។
អ្នកប្រើប្រាស់អ៊ីនធើណេតជាច្រើនបានសរសើរការឆ្លើយតបរបស់ Jiang ទោះបីជាអ្នកផ្សេងទៀតបានអះអាងថា វាហួសហេតុពេក ខ្ជះខ្ជាយពេក ឬប្រហែលជាមានបំណង ទាក់ទាញចំណាប់អារម្មណ៍ក៏ដោយ។
ក្រោយមក ម្ចាស់សត្វចិញ្ចឹមបានសុំទោសជាសាធារណៈ ដោយទទួលស្គាល់ថាពួកគេបានបំពានច្បាប់របស់ភោជនីយដ្ឋាន និងបានប៉ះពាល់អវិជ្ជមានដល់ កេរ្តិ៍ឈ្មោះរបស់ភោជនីយដ្ឋាន និងបទពិសោធន៍ទទួលទាន អាហាររបស់អតិថិជន ផ្សេងទៀត៕
