ស្រុកខ្សាច់កណ្តាល៖ ក្រុមបាល់ទាត់យុវជន ស.ស.យ.ក ឃុំពុកឫស្សី បានក្លាយជាម្ចាស់ជើងឯកឆ្នាំ២០២៦ ក្នុងការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រចាំស្រុកខ្សាច់កណ្តាល ឆ្នាំ២០២៦ បន្ទាប់ពីយកឈ្នះលើក្រុមបាល់ទាត់យុវជន ឃុំវិហារសួគ៌ ក្នុងលទ្ធផលបច្ចេកទេស ៣ទល់នឹង១ នៅវគ្គផ្តាច់ព្រ័ត្រ រៀបចំការប្រកួតដោយ រដ្ឋបាលស្រុកខ្សាច់កណ្តាល ក្រោមការឧបត្តម្ភពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB Bank ។

ក្នុងឱកាសពិធីបិទខាងលើនេះនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ អញ្ជើញជាកិត្តិយសពីសំណាក់លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍជនបទ និងកសិកម្ម អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារចលនាយុវជនស្រុកខ្សាច់កណ្តាលតំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកមុខកំពូល ស្រុកកៀនស្វាយ ស្រុកពញាឮ និងក្រុងអរិយក្សត្រ បានអញ្ជើញជាគណអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រចាំស្រុកខ្សាច់កណ្តាល ឆ្នាំ២០២៦ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន រ៉ូតា ខ្សាច់កណ្តាល ស្ថិតនៅឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

លោក លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាលបានមានប្រសាសន៍ថា ការប្រកួតនេះធ្វើឡើង ផ្តល់ឪកាសដល់យុវជន បំពេញនូវក្តីប្រាថ្ញា ព្រមទាំងបានបញ្ចេញនូវសមត្ថភាព ការចូលរួមទស្សនា សម្រាប់អ្នកគាំទ្រ ស្រលាញ់កីឡាជាមួយនឹងស្នាម ញញឹម សាមគ្គីភាព មិត្តភាព ភាតរភាព និងទំនាក់ទំនងជាសារវន្ត ដែលមិនអាចខ្វះ បានឡើយ ។ បច្ចុប្បន្ននេះរដ្ឋបាល ស្រុកខ្សាច់កណ្តាល បាននឹងកំពុងយកចិត្តទុកដាក់ ពង្រឹងគុណភាព នៃរៀបចំការ ប្រកួត តាមស្តង់ដារកម្រិតខ្ពស់ មានជាអាទិ៍សម្រាប់ក្រុមកីឡាបាល់ទាត់ យុវជន តាមនៅបណ្តាឃុំទូទាំងស្រុក ពិសេសបានផ្តល់ ឳកាសដល់ យុវជន ក្នុងមូលដ្ឋានស្រុកបានចូលរួម និងកីឡាបាល់ទាត់ មានមន្រី្តជំនាញ កំពុងរៀបចំផែនការ ការអភិឌ្ឍនវិស័យកីឡា ជំរុញ និង លើកទឹកចិត្តដល់យុវជន យុវតីឲ្យលេងកីឡាទំាងអស់គ្នា ដើម្បីឲ្យចៀសផុត ពីគ្រឿងអបាយប្រមុខផ្សេងៗ ដែលនាំឲ្យប៉ះពាល់ កិត្តិយសគ្រួសារ ខ្លួនផ្ទាល់ និងប្រទេសជាតិទំាងមូល ។

លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍បាប់ក្រុមកីឡាករយុវជនថា ការសិក្សារៀនសូត្រនឹងធ្វើឱ្យយុវជនក្លាយជាមនុស្សខ្លាំង និងធ្វើឱ្យប្រទេសជាតិខ្លាំង។ ក្រៅពីលេងកីឡា យុវជនត្រូវប្រឹងរៀន និងប្រឹងសន្សំប្រាក់ ព្រមទាំងចូលរួមធ្វើសកម្មភាពជួយការងារក្នុងមូលដ្ឋានរបស់ខ្លួន (Learn, Earn and Serve)។លោកស្ងើចសរសើរដល់ប្អូនៗយុវជន ជាកីឡាករ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងមានសាមគ្គីភាពល្អ ក្នុងការប្រកួតដណ្តើមយកពានរង្វាន់ ប្រកបដោយកិត្តិយស និងភាពសប្បាយរីករាយ។ ប៉ុន្តែ ភាពសប្បាយរីករាយនៃការលេងកីឡារបស់ប្អូនៗយុវជន សូមកុំភ្លេចការសិក្សារៀនសូត្រ ដើម្បីបង្កើនចំណេះដឹងឲ្យក្លាយជាពលរដ្ឋល្អ។

លោកបណ្ឌិតបានមានប្រសាសន៍ណែនាំទៀតថា កីឡា គឺជាល្បែងប្រជាប្រិយ ជាការរៀនសូត្រ ជាពិសេសបង្រៀនប្អូនៗយុវជនអាចពង្រឹងកាយសម្បទា ឱ្យមានសុខភាពល្អ និងមានស្មារតីរឹងមាំ ព្រមទាំងចេះអត់ធ្មត់ និងចេះគិតដោះស្រាយបញ្ហាបានលឿន ដោយមិនយកកំហឹងមកដោះស្រាយបញ្ហាឡើយ។ លើសពីនេះ កីឡាធ្វើឱ្យយុវជនចេះធ្វើការជាក្រុម ចេះគោរពវិន័យ ចេះបង្កើតសាមគ្គីភាព និងបង្កើតមិត្តភាព។ ជាពិសេសជ័យជម្នះក្នុងការប្រកួតពេលនេះ គឺជាជ័យជម្នះរបស់ស្រុកខ្សាច់កណ្តាលទាំងមូល៕



ដោយ៖លី ភីលីព
