Event

មិត្តហ្វូន លើកកម្ពស់ការទទួលខុសត្រូវសង្គម តាមរយៈការចូលរួមក្នុងយុទ្ធនាការ ផ្សព្វផ្សាយប្រឆាំងគ្រឿងញៀននៅកម្ពុជា

តាមរយៈការគាំទ្រដល់កម្មវិធីរំលឹកខួប នៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៦ ដែលរៀបចំឡើងដោយអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) ក្រុមហ៊ុនមិត្តហ្វូនបានបន្តបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើការងាររួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគំនិតផ្តួចផ្តើមដើម្បីសហគមន៍នានា ដែលលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជួយកសាងសង្គមមួយដែលមានសុវត្ថិភាព និងសុខភាពកាន់តែល្អប្រសើរ។

ជាផ្នែកមួយនៃសកម្មភាពនានាដើម្បីប្រារព្ធ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៦ ក្រុមហ៊ុនមិត្តហ្វូនបានចាប់ដៃគូ ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) ក្នុងការរៀបចំកម្មវិធីរំលឹកខួប ដែលបានប្រព្រឹត្តទៅនៅកោះពេជ្រ រាជធានីភ្នំពេញ ក្រោមប្រធានបទ៖ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត»។ កម្មវិធីនេះបានទាក់ទាញការចូលរួម ពីតំណាងបណ្តាក្រសួងនានារបស់រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ព្រមទាំងយុវជន និងសាធារណជនយ៉ាងច្រើនកុះករ។ ពួកគេបានរួមគ្នាពង្រឹងសារៈសំខាន់នៃការលើកកម្ពស់ការយល់ដឹង និងការជំរុញឱ្យមានសកម្មភាពរួមគ្នាក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងការសេពគ្រឿងញៀន។

ការចូលរួមរបស់ក្រុមហ៊ុនមិត្តហ្វូននៅក្នុងព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែង របស់ក្រុមហ៊ុនចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយការបញ្ចូលការទទួលខុសត្រូវសង្គម ទៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ ទន្ទឹមនឹងការវិនិយោគជាបន្តបន្ទាប់លើ ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ក្រុមហ៊ុនមិត្តហ្វូនក៏បានគាំទ្រយ៉ាងសកម្ម ដល់គំនិតផ្តួចផ្តើមនានាក្នុងវិស័យអប់រំ សុខាភិបាល សុខុមាលភាពសង្គម និងកម្មវិធីអភិវឌ្ឍន៍សហគមន៍ផ្សេងៗទៀត នៅទូទាំងប្រទេសកម្ពុជា។

សម្រាប់ក្រុមហ៊ុនមិត្តហ្វូន ការកសាងសង្គមឱ្យកាន់តែប្រសើរឡើង គឺលើសពីការផ្តល់នូវការតភ្ជាប់ប្រព័ន្ធឌីជីថល។ វាក៏មានន័យថាជាការបង្កើតផលវិជ្ជមានដល់សង្គម តាមរយៈកិច្ចសហការរវាងអាជីវកម្ម ស្ថាប័នរដ្ឋាភិបាល និងសហគមន៍ផងដែរ។ ដោយផ្អែកលើជំនឿចិត្តនេះ ក្រុមហ៊ុននឹងបន្តគាំទ្រគំនិតផ្តួចផ្តើមទាំងឡាយណា ដែលលើកកម្ពស់គុណភាពជីវិត និងរួមចំណែកដល់បរិយាកាសរស់នៅ ប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

សម្លឹងទៅមុខ ក្រុមហ៊ុនមិត្តហ្វូននឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធររដ្ឋាភិបាល និងដៃគូនានា ដើម្បីអនុវត្តកម្មវិធីសហគមន៍ដែលមានអត្ថន័យ ដែលរួមចំណែកដល់គោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ព្រមទាំងបញ្ជាក់ជាថ្មីនូវតួនាទីរបស់ខ្លួន ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍មួយ ដែលប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍រយៈពេលវែងរបស់ប្រទេសជាតិ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ៕

Most Popular

To Top